(ភ្នំពេញ)៖ បន្ទាប់ពីប្រឹងប្រែងជម្នះនឹងជំងឺប្រចាំកាយអស់ជាច្រើនឆ្នាំ អតីតអ្នកព័ត៌មាន «The Cambodia Daily» លោក សាំង សុឥន្ទរិទ្ធ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។
សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។
លោក សាំង សុឥន្ទរិទ្ធ មានអាយុប្រមាណ ៥៥ឆ្នាំ និងមានកូន ៣នាក់ ប្រុស ២នាក់ ស្រី ១នាក់។ លោក សាំង សុឥន្ទរិទ្ធ បានប្រឡូកក្នុងវិស័យសារព័ត៌មានជាង ២០ឆ្នាំ ដោយបានបម្រើការនៅកាសែត The Cambodia Daily ហើយត្រូវបានកាសែតបរទេសមួយនេះបញ្ឈប់ពីការងារនៅពេលរូបលោកធ្លាក់ខ្លួនឈឺបម្រើការងារលែងកើត។
លោក សាំង សុឥន្ទរិទ្ធ បានកើតជំងឺខូចក្រលៀន ហើយបានប្រឹងប្រែងរស់នៅជម្នះជាមួយជំងឺមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ក្នុងអំឡុងពេលធ្លាក់ខ្លួនឈឺនេះអ្នកកាសែតរូបនេះ បានជួបការខ្វះខាតខ្លាំងក្នុងជីវភាព។
ដោយមើលឃើញពីការលំបាកទាំងនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភថវិកាប្រមាណ ២ម៉ឺនដុល្លារ ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានឧបត្ថម្ភថវិកា ៥ពាន់ដុល្លារផងដែរ សម្រាប់ដោះស្រាយជីវភាព និងព្យាបាលជំងឺ៕