(ព្រៃវែង-ស្វាយរៀង)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥៖៤៥នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយកំពង់សឹង្ហ (F5) មូលហេតុដោយសារមានរថយន្តបែនដឹកដីបើកទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យបាក់បង្គោលចំនួន០២ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិថ្កៅ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (២) ឃុំស្វាយជ្រំ (៣) ឃុំអង្គតាសូ (៤)ឃុំស្វាយយា (៥)ឃុំក្រោលគោ (៦)ឃុំឈើទាល (៧)ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រុមការងារបានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តឡើងវិញនៅវេលាម៉ោង ៨៖២៥នាទីយប់ លើកលែងតែសេវាករ ខឹម រ៉ានី និង សេវាករអគ្គិសនីក្រោលគោ។
ក្រុមការងារបច្ចេកទេសកំពុងខិតខំធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជននៅទីតាំងរបស់សេវាករឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ។
អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕