(កំពង់ចាម)៖ លោករដ្ឋមន្ត្រី វេង សាខុន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានចុះពិនិត្យខ្សែចង្វាក់កែច្នៃគ្រាប់ស្វាយចន្ទី របស់សហគ្រាសវិថី (ខេមបូឌា) ឃែស៊ូណាត់ ខូ អិលធីឌី នៅភូមិទ្រៀក ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមការឲ្យដឹកពីលោក ម៉េង ត្រៃ ប្រធានសហគ្រាសបានឲ្យដឹងថា សហគ្រាសបានចាប់ដំណើរការនៅ ខែឧសភា ឆ្នាំ២០១៨ ដោយដាក់ទុនវិនិយោគប្រមាណជាង២.៥លានដុល្លារ។ ជាមធ្យមក្នុង១ខែប្រើប្រាស់វត្ថុធាតុដើមប្រមាណពី១៥០-២០០តោន ដែលប្រមូលទិញពីកសិករក្នុងតំបន់នេះ ក្នុង១ខែអាចធ្វើការកែច្នៃបានពី៩០-១៥០តោន ហើយក្នុង១ឆ្នាំអាចកែច្នៃគ្រាប់ស្វាយចន្ទីស្រស់បាន៧០០តោន។
តំណាងសហគ្រាសរូបនេះបញ្ជាក់ទៀតថា ក្នុងរយ:ពេល៦ ខែចុង ឆ្នាំ២០១៨ សហគ្រាសបាននាំចេញទៅកាន់ទីផ្សារអារ៉ាប់លំដាប់ទី១ ចិនផងដែរបានចំនួន១០០តោន ហើយគ្រោងធ្វើការកែច្នៃឲ្យបាន២០០០តោនក្នុង១ឆ្នាំ។
បន្ទាប់ពីបានពិនិត្យគ្រប់ខ្សែចង្វាក់ផលិតកម្មរួចមក លោក រដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទនៃការដាក់ទុនវិនិយោគ ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើម ដ៏មានតម្លៃខាងសេដ្ឋកិច្ចមួយនេះ បន្ទាប់ពីដំឡូងមី ពីព្រោះការវិនិយោគនេះ បានស្រូបយកផលិតផលក្នុងស្រុក កាត់បន្ថយលំហូរចេញដែលធ្វើឲ្យបាត់បង់ តម្លៃបន្ថែមយ៉ាងច្រើន និងជួយបង្កើតការងារជូនពលរដ្ឋ នៅមូលដ្ឋានកាត់បន្ថយចំណាកស្រុក សមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
ជាលក្ខណបច្ចេកទេស លោកបានណែនាំដល់នាយកសហគ្រាស ឲ្យយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពបុគ្គលិក កម្មករ ស្តង់ដារផលិត អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ហើយកិច្ចការនេះត្រូវសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ឲ្យបានល្អប្រសើរ។
នៅរសៀលថ្ងៃនេះដដែល លោករដ្ឋមន្ត្រី និងសហការី បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកសាច់ របស់លោក នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កសិដ្ឋានបានអនុវត្តតាមច្បាប់ស្តីពីការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយជ្រើសយកក្រុមហ៊ុនស៊ីភីកម្ពុជាធ្វើជាដៃគូក្នុងការវិនិយោគនេះ ដោយក្រុមហ៊ុនជាភាគីផ្គត់ផ្គង់ពូជ ចំណី បច្ចេកទេស ថ្នាំការពារ និងថ្នាំព្យាបាល ហើយក្រុមហ៊ុនទទួលទិញមាន់វិញក្នុងតម្លៃកុងត្រា។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាបច្ចុប្បន្នកសិដ្ឋានមានរោងចិញ្ចឹម២ រោង ក្នុង១រោង អាចចិញ្ចឹមមាន់សាច់បានចំនួន ១.៥ ម៉ឺនក្បាល ហើយលក់ក្នុងតម្លៃ ៦ពាន់រៀល/គីឡូក្រាម។ ក្នុង ១វគ្គ (ចាប់ពីថ្ងៃដាក់កូន រហូតដល់ថ្ងៃចាប់លក់មានរយ:ពេលពី ៣៥-៤៥ថ្ងៃ) អាចទទួលបានកម្រៃសុទ្ធ(ដកថ្លៃភ្លើង កម្មករ និងបង់រំលោះឲ្យក្រុមហ៊ុន៣០% នៃប្រាក់ចំណូល) ប្រមាណ១៨លានរៀល ហើយ១ឆ្នាំអាចចិញ្ចឹមបាន ៦វគ្គ ដូច្នេះសរុបមកក្នុង១ឆ្នាំ អាចទទួលបានចំណូលប្រមាណ ១០៨លានរៀល។
នាឱកាសនោះ លោកមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភាគីទាំងពីរ (ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុន) ក៏ដូចជាអ្នកផលិត និងដៃគូឯកជននៅទូទាំងប្រទេសជ្រាបថាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីផលិត និងភាគីអ្នកទិញ ជាអាទិ៍: រក្សាបាននូវតម្លៃថេរមួយ ធានាបាននូវបរិមាណផ្គត់ផ្គង់ និងការផ្គត់ផ្គង់មាននិរន្តរភាព អ្នកផលិតទទួលបានបច្ចេកទេសពីក្រុមហ៊ុន ឬទុនវិនិយោគបន្ថែម គុណភាពផលិតផលត្រូវបានលើកកម្ពស់ និងគាំទ្រដោយក្រសួងប្រសិនបើកិច្ចសន្យានេះត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ និងនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ហេតុផលនេះ បច្ចុប្បន្នក្រសួងបាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់នេះ ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ប្រយោជន៍ដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ធានាដល់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងឈានទៅធ្វើការនាំចេញ៕