(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ បានប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា ករណីរលកសមុទ្រធំៗខ្ពស់ៗខុសពិធម្មតា ដែលវាយប្រហារតូបលក់ដូររបស់អាជីវករ និងលំនៅដ្ឋានប្រជាពលរដ្ឋ នៅឆ្នេរប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកមិញនេះ គឺកើតឡើងដោយសារឥទ្ធិពលកន្ទុយព្យុះ «ប៉ាប៊ុក»។
តែយ៉ាងណានោះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមទៀតថា ខណៈនេះ រលកសមុទ្រ នៅឆ្នេរប៉ាកខ្លង និងតំបន់សមុទ្រផ្សេងទៀត បានប្រែក្លាយទៅជាសភាពធម្មតាវិញ ហើយ។
លោក ចាន់ យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «រលកធំៗ ដែលកើតឡើងនៅតំបន់ប៉ាក់ខ្លង គឺកើតឡើងដោយសារឥទ្ធិពល នៃកន្ទុយព្យុះ ប៉ាប៊ុក។ មកដល់ពេលនេះ ព្យុះខាងលើ បានធ្វើដំណើរឆ្លងកាត់ជ្រោយម៉ាឡាកា ( ព្រំប្រទល់ថៃ-ម៉ាឡេស៊ី ) ចូលទៅក្នុងសមុទ្រមួយផ្សេងទៀត ឈ្មោះថា អាន់ដាម៉ាន់ (Andaman Sea) ហើយ។ ដូចនេះ ពេលដែលវា ធ្វើដំណើរទៅឆ្ងាយ ឥទ្ធិពលវាបានប្រែទៅជាធម្មតាវិញហើយ»។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីព្រមាណឥទ្ធិពលរបស់ព្រុះ ប៉ាប៊ុក (PABUK) ដោយព្យុះនេះវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ដែលលក្ខណៈបែបនេះ អាចធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានឲ្យដឹងថា តាមការសង្កេតក្នុងរយៈពេល២ ថ្ងៃកន្លងមកនេះ ស្ថានភាពលើផ្ទៃសមុទ្រ មានខ្យល់ភ្លៀងលាយឡំ និងរលកខ្លាំងបណ្តាលឲ្យទឹកសមុទ្រ មានសភាពហក់ឡើងខ្ពស់ ផ្ទៃទឹកបានគ្របដណ្តប់លើផ្ទៃឆ្នេរខុសប្លែក ពីរាល់ដង។ ក្រៅពីនោះក៏បានបំផ្លាញដល់ទីកន្លែងលក់ដូរ ផ្ទះសម្បែងតាមតំបន់ឆ្នេរ ឧបករណ៍នេសាទ និងទូកនេសាទ ។ល។ ដូចជានៅតំបន់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុជាដើម ក្រៅពីនោះ បើតាមព័ត៌មានពីមហាជន និងប្រជានេសាទសមុទ្រ ថានៅខេត្តជាប់មាត់សមុទ្រផ្សេងទៀត ក៏ទទួលរងអំពីកំពស់ទឹកសមុទ្រនេះផងដែរ។
បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរ ខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅចន្លោះ ខែធ្នូ (ចុងឆ្នាំ ឬដើមឆ្នាំ) តែង មានកំពង់ទឹកសមុទ្រខ្ពស់ (ទឹកជោ) ប៉ុន្តែឆ្នាំនេះវាហាក់មានកំពស់ទឹកច្រើន ជាងបណ្តាឆ្នាំកន្លងទៅ បូកផ្សំចំពេលដែលតំបន់មាត់សមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលរងពីឥទ្ធិពលព្យុះ ពីក្នុងតំបន់ផង ដូចដែលក្រសួងធន់ធានទឹក និង ឧត្តុនិយម បានជូនដំណឹងថ្មីៗនេះរួចមកហើយ។
កាលពីព្រឹកមិញ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង បានឲ្យដឹងថា ទឹកសមុទ្របានជនជោរ ដោយមានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ វាយប្រហារតូបលក់ដូរ និងលំនៅដ្ឋានរបស់អាជីវករ និងប្រជាពលរដ្ឋ នៅឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សេចក្តីការណ៍បានបញ្ជាក់ទៀតថា ជាដោះស្រាយចំពោះមុខប្រជាពលរដ្ឋ និងអាជីវកម្ម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជម្លៀស ទៅរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ។
ជាមួយគ្នានេះ ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុវិញ នៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ក៏មានខ្យល់លាយទ្បំ និងរលកខ្លាំងបានបណ្ដោយឲ្យដួលស្លាក គណបក្សប្រជាជនកម្ពុជា ចំនួន០១ស្លាក មូលហេតុរលកបោកបកដួលរលំ។
បាតុភូតទាំងនេះ ក៏បានបណ្តាលឲ្យទូកកន្ទុយវែងចំនួន០៦គ្រឿង ត្រូវបានលិចទាំងស្រុងផងដែរ៕