(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ និងជាអគ្គនាយកនយោបាយ និងកិច្ចការបទេសនៃក្រសួងការពារជាតិ បានលើកឡើងថា បន្ទាប់ពីសម្ពោធវិមានឈ្នះ-ឈ្នះ និងការប្រារព្ធពិធីឆ្លងឆ្នាំសកលរួច មកក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសជាច្រើនបាននាំគ្នាសម្រុកចូលមកទស្សនានៅវិមានឈ្នះ-ឈ្នះ កាន់តែច្រើនឡើងៗ។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះរូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «ជាការចាប់អារម្មណ៍របស់ខ្ញុំ ហើយនឹងការសង្កេតទី១ គឺជាអ្វីដែលនឹកស្មានមិនដល់ក្រោយពេលដែលការប្រារព្ធពិធីឆ្លងឆ្នាំថ្ងៃ៣១ នៅថ្ងៃទី០១ ទី០២ ទី០៣កន្លងមកនេះ គឺមានប្រជាជនមហាជនច្រើនមែនទែនបានមកទស្សនា ហើយមកពិនិត្យ មកកម្សាន្ត ក៏ដូចជាមកស្វែងយល់ នៅវិមានឈ្នះ-ឈ្នះនេះ»។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា ប្រជាជនពលរដ្ឋជាច្រើនដែលបានអញ្ជើញមកដោយផ្ទាល់បាននាំគ្នាហៅ វិមានឈ្នះ-ឈ្នះនេះ ថាជាប្រាសាទឈ្នះ-ឈ្នះទៅវិញ ហើយសមាសភាពប្រជាពលរដ្ឋខ្មែរ ដែលបានអញ្ជើញមកទស្សនាបន្ទាប់ពីបញ្ចប់ថ្ងៃ សម្ពោធនេះ គឺភាគច្រើនពួកគាត់មកពីបណ្តាខេត្តឆ្ងាយៗផងដែរ។ តួយ៉ាងនាយឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ដោយសារតែប្រជាពលរដ្ឋខ្មែរ និងបរទេសគាត់បានរង់ចាំ៣ថ្ងៃ ទៅ៤ថ្ងៃមកហើយ ដោយក្រាញរនាលទាំងក្រុមគ្រួសារ ដើម្បីបានចូលទស្សនាសំណង់ ដែលជាប្រវត្តិសាស្ត្ររបស់ខ្មែរមួយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនឹងនេះ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ បានបន្ថែមទៀតថា ប្រជាពលរដ្ឋដែលបានចូលទស្សនា បានពោលពាក្យដូចៗគ្នាថា ទោះយ៉ាងមមាញឹកនឹងការងារ និងការលំបាកយ៉ាងណាក៏ដោយក៏ពួកគាត់ចូលមកទស្សនា ប្រាសាទឈ្នះ-ឈ្នះ (វិមានឈ្នះ-ឈ្នះ) ឱ្យបានផងដែរ និងបានទាមទារទស្សនាទីតាំងខ្លះរបស់ប្រាសាទរហូតដល់ម៉ោង១១៖០០នាទីយប់ផងដែរ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសជាច្រើន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទស្សនាស្វែងយល់ពីរូបភាព ចម្លាក់ក្បាច់ក្បូរ ទាក់ទងនឹងប្រវត្តិសាស្ត្រ ដំណើរស្វែងរកសន្តិភាព របស់ប្រមុខដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតមានការបង្រួបបង្រួមជាតិ និងឈានទៅរកការបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងនៅកម្ពុជា ឆ្នាំ១៩៩៨។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបានសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នំា២០១៨ កន្លងទៅនេះ។
សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យ ជូពសាសន៍ ប៉ុល ពត។ មួយវិញទៀត ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ៕