(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពងស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅវេលាម៉ោងប្រមាណ២៖១០នាទី រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅហួសកន្លែង ដែលមានគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលម្ង៉ៃបន្តិច ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ស្ពានអូរគគីរ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើកំណាត់ជាតិលេខ៤ ជិតជ្រោះពេជ្រនិល។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មុនពេលកើតហេតុ មានរថយន្តធុនធ្ងន់មួយគ្រឿងខូច បានចតនៅលើចិញ្ចើមផ្លូវ ស្រាប់តែម៉ោងកើហេតុ មានរថយន្តម៉ាកស៊ីណាមួយគ្រឿង ធ្វើដំណើរទៅ ពេលដល់កន្លែង ដែលរថយន្តនោះខូច ក៏មានរថយន្តធុនធ្ងន់មួយគ្រឿងទៀត បើកមកពីក្រោយ បានបុករថយន្តស៊ីណា ហើយរថយន្តស៊ីណា ក៏បានជ្រុលទៅបុករថយន្តដែលកំពុងខូចនោះ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះរបួសធ្ងន់៣នាក់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយកើតហេតុ ក៏មានការកកស្ទះចរាចរណ៍ផងដែរ ប៉ុន្តែរថយន្តបានកម្លាំងនគរបាលចរាចរណ៍ថ្នាក់ខេត្ត និងស្រុកបានចេញទៅជួយ អន្តរាគមន៍ផងដែរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ រថយន្ដដឹកថ្មមួយគ្រឿង បានដាច់ហ្រ្វាំងរួចក៏ទៅបុករថយន្ដធុនតូចធំប្រមាណ២០គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៨នាក់ផងដែរ៕