(ភ្នំពេញ)៖ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃដែលរំដោះជីវិតប្រជាពលរដ្ឋចេញពីវាលពិឃាតនឹងឈានចូលមកដល់នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះហើយ។

ការអបអរសាទរថ្ងៃដែលកងទ័ពរំដោះរណសិរ្សសាមគ្គីសង្គ្រោះជាតិដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងតេជោ ហ៊ុន សែន ស្រោចស្រង់ប្រទេសជាតិ រំដោះអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជា នៅឆ្នាំនេះ នឹងធ្វើឡើងយ៉ាងមហោឡារឹក អធឹកអធមក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ។

ពិធីដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឥស្សរជននយោបាយ មន្ត្រីអង្គទូតមកពីបណ្តាប្រទេសនានា និងក្រោមវត្តមានមហាជនរាប់ម៉ឺននាក់។ ផ្ទាំងទស្សនីយភាពសិល្បៈជាច្រើននឹងត្រូវបានបង្ហាញនៅក្នុងថ្ងៃអបអរសាទរថ្ងៃជ័យជម្នះនោះ ដូចជាការឈរតម្រៀមគ្នាចេញជាសញ្ញាទង់ជាតិកម្ពុជា និងការកាន់ផ្ទាំងនានាបង្គុំចេញជារូបព្រាប និងអក្សរ «ជយោ!គណបក្សប្រជាជនកម្ពុជា», «អបអរសាទរខួបទី៤០ ទិវាជ័យជម្នះ៧មករាអមតៈ»។

សូមបញ្ជាក់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួប ៤០ឆ្នាំហើយ ដែលប្រទេសកម្ពុជាត្រូវបានស្រោចស្រង់ចេញរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ខៀវ សំផន អៀង សារី...ជាដើមនោះ។ របបដែលប្រជាពលរដ្ឋប្រសិទ្ធនាមជារបបវាលពិឃាត របបដ៏ខ្មៅងងឹតរយៈ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឲ្យជាតិកម្ពុជាត្រូវលិចលង់ រងកាបំផ្លិចបំផ្លាញសព្វបែបយ៉ាង។

៤០ក្រោយការរំដោះចេញពីរបបមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ កម្ពុជាបានប្រែក្លាយពីប្រទេសមានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជា ១៦លាននាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចជាង ២៤ពាន់លានដុល្លារ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ១៥០០ដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានការដោះដូរពាណិជ្ជកម្ម ក្លាយជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារ ជាមួយការនាំចេញជាង ១២ពាន់លានដុល្លារ, ប្រទេសគ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគពីខាងក្រៅប្រមាណ ៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧, កម្ពុជា ដែលធ្លាប់តែគ្មានធនធានមនុស្ស បានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន ហើយកំពុងបន្តធ្វើការងារលើការបណ្តុះបណ្តាលយ៉ាងសកម្ម, កម្ពុជា ដែលធ្លាប់គ្មានកន្លែងព្យាបាល ក្លាយជាប្រទេសកំពុងមានភាពប្រសើរឡើងលើវិស័យសុខាភិបាល, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរជាង ៦លាននាក់ក្នុងមួយឆ្នាំ, កម្ពុជា ដែលធ្លាប់តែជាប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។

សមិទ្ធិផលដែលរៀបរាប់ខាងលើ គឺជាសមិទ្ធិផលធំៗ ដែលត្រូវបានរកមកដោយលំបាកក្នុងរយៈពេល ៤០ឆ្នាំមកនេះ ក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានវាយផ្តួលរលំ៕