Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះ ជនបរទេស១០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយឃាត់ខ្លួនពាក់ព័ន្ធបទល្មើសមួយចំនួន

05-01-2019 15:07

(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានបណ្ដេញជនបរទេសចំនួន១០នាក់ (ប្រុស) មាន០៤សញ្ជាតិ ចេញពីកម្ពុជា ទៅប្រទេសកំណើតវិញ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ផ្កាយ៣ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ក្នុងចំណោមជនបរទេស១០នាក់ខាងលើ រួមមាន៖ ជនជាតិអាមេរិក២នាក់, រុស្សី១នាក់, ទួកគី១នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការកំណត់) ចំណែកជនជាតិចិន ចំនួន០៦នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនកាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងទីតាំងផ្ទះលេខ២៣២ ផ្លូវប៉ូឡារីស (បូរីប៉េងហួត) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស កេងចំណេញផ្លូវភេទ ពីស្ត្រីវ័យក្មេង និងអនីតិជន ដោយប្រើប្រាស់កម្មវិធីថ្មីឈ្មោះ (APP Program) ដើម្បីអូសទាញជនរងគ្រោះ នៅប្រទេសចិន រួចជនសង្ស័យទាំងនោះ បានរត់គេចចូលមកលាក់ខ្លួន នៅប្រទេសកម្ពុជា។

បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា «ការបណ្ដេញនេះ ក៏មានការចូលរួមសហការ ជាមួយសមត្ថកិច្ចប្រទេសចិន មកទទួលយកផងដែរ»៕