(កំពង់ធំ)៖ ដើម្បីចូលរួមក្នុងវិស័យការពារជាតិ និងលើកកម្ពស់កងយោធពលខេមរភូមិន្ទ យុវជន យុវតី សិស និស្សិតជិត៤០០នាក់ ក្នុងខេត្តកំពង់ធំ បានស្ម័គ្រចិត្តដាក់ពាក្យចូលប្រឡងក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ខាងមុនេះ ទៅតាមមណ្ឌលយោធភូមិភាគនីមួយៗ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ ផ្នែក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយ យុវជន យុវតី សិស្ស និស្សិតជាទំពាំងស្នងឫស្សី ចំនួន៣៨៥នាក់ ( ស្រី២០០នាក់) ដែលបានមកដាក់ពាក្យប្រឡងចូល ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងចែកសាលាកប័ត្រឯកត្តជន ដើម្បីត្រៀមទៅប្រឡងនៅមណ្ឌលយោធភូមិភាគទី៤ ( ខេត្តសៀមរាប )។ ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ចំពោះ យុវជន យុវតី សិស្ស និស្សិត ដែលបានមកដាក់ពាក្យប្រឡងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅពេលនេះរួមមាន៖
*នាយទាហានបន្តវេន ជំនាន់ទី១២ ចំនួន៧០នាក់ (ស្រី៥៦នាក់)
*នាយទាហានសកម្ម ជំនាន់ទី២៣ ចំនួន៨៤នាក់ ( ស្រី៤៦នាក់)
*នាយទាហានកងទ័ពជើងគោក ជំនាន់ទី១១ ចំនួន១៥៧នាក់ (ស្រី៩៨នាក់)
*នាយទាហានបច្ចេកទេសយោធា ចំនួន៧៤នាក់។
សូមបញ្ជាក់ថា យុវជន យុវតី សិស្ស និស្សិត ដែលបានអញ្ជើញមកត្រួតពិនិត្យសុខភាព និងទទួលយកពាក្យប្រឡង ដោយឥតគិតថ្លៃ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកមានចំនួន៤៩២នាក់ ( ស្រី២៧៤នាក់)។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្តាំផ្ញើដល់ យុវជន យុវតី សិស្ស និស្សិត រួមមាន៖
*យុវជន យុវតី សិស្ស និស្សិត គឺជាទំពាំងស្នង ឫស្សី ជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ ត្រៀមជំនួសឲ្យរៀមច្បងយើងជំនាន់មុនដែលត្រូវចូលនិវត្តន៍
*យុវជន យុវតី សិស្ស និស្សិត ទាំងអស់ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពវិន័យបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត
*ត្រូវចេះស្រឡាញ់គ្នា សាមគ្គីឯកភាពគ្នា ក្នុងនាមខ្មែរដូចគ្នា ជ្រោងខ្ពស់ទង់ឯករាជ្យជាតិ អធិបតេយ្យភាពជាតិ និងការពារជាតិ
*សូម យុវជន យុវតី សិស្ស និស្សិតទាំងអស់ កុំភ្លេចថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងនោះបានរំដោះឪពុកម្ដាយ ជីដូនជីតាក្មួយៗទើបមានក្មួយៗ មាននៅថ្ងៃនេះ
*សូមក្មួយៗចងចាំនូវពាក្យមួយឃ្លាបានពោលថា «ពេលបានហូបទឹក សុំកុំភ្លេចប្រភព ពេលបានជ្រកម្លប់ សូមកុំភ្លេចអ្នកដាំ»។
ចុងក្រោយ យុវជន យុវតី សិស្ស និស្សិត ទាំងអស់បានស្តាប់ប្រសាសន៍ណែនាំនិងការផ្តាំផ្ញើរបស់ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដ៏មានសារសំខាន់នាពេលនេះ បានប្តេជ្ញាគោរពវិន័យសណ្តាប់ធ្នាប់ ពេលវេលា កាលបរិច្ឆេទ នៃការប្រឡងដែលក្រសួងការពារជាតិ បានដាក់ចេញ៕