(ភ្នំពេញ)៖ ស្ត្រីថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» អ្នកស្រី ហូវ ដាណេ និងស្រ្តីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង២ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ។ នេះបើតាមបញ្ជាក់ឲ្យដឹងពី មន្ត្រីជាន់ខ្ពស់ សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់មកអង្គភាព Fresh News នាមុននេះបន្ដិច។
បើតាមមន្រ្ដីជាន់ខ្ពស់ប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងគ្រូពេទ្យខាងលើនេះ ត្រូវបញ្ជូនទៅពន្ធនាគារ PJ នារសៀលថ្ងៃនេះតែម្ដង។
សូមជម្រាបថា ស្ត្រីថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» អ្នកស្រី ហូវ ដាណេ និងស្រ្តីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល» រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងឈ្មោះ ពៅ ស៊ីណាត ជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិកឌែរម៉ូ ត្រូវបានលោកសឿន មុនីរ័ត្ន ចោទប្រកាន់ពីបទគំរាមហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ដែលទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ពីអតិថិជន ដែលចូលទៅទទួលសេវាកែសម្ផស្ស។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីជនរងគ្រោះបានចូលទៅកែសម្ផស្សនៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិករៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការកែរកេរ្ដិ៍ភេទផងដែរ។
ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕