(ភ្នំពេញ)៖ ឈានចូលវ័យ៦០ឆ្នាំប្លាយ ដែលជាអ្នកធ្លាប់បានរស់នៅឆ្លងកាត់ អតីតកាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដូចពលរដ្ឋខ្មែរដទៃទៀតជាច្រើននាក់ កាលពីជំនាន់នោះ ហើយដែលមានភ័ព្វសំណាង បាននៅរស់រានមានជីវិតមកដល់បច្ចុប្បន្ននេះ ខ្ញុំមានបំណងប្រាថ្នាដ៏ទទូចមួយ គឺចង់ឱ្យកូនខ្មែរពិសេសយុវវ័យជំនាន់ក្រោយ ចងចាំរឿងរ៉ាវសំខាន់ៗ ទាំងឡាយនៃប្រវត្តិសាស្ត្រ របស់ទឹកដីកំណើតខ្លួន។

តម្លៃជាមេរៀនពិសោធន៍ (Lessons learned) សម្រាប់ដំណើរជីវិតរបស់មនុស្សម្នាក់ៗ គឺការចងចាំដូចពាក្យប្រៀនប្រដៅរបស់ចាស់បុរាណ បានរំលឹកកូនចៅរបស់គាត់ថា៖ «បាត់អ្វីបាត់ចុះ ប៉ុន្តែមិនត្រូវបាត់បង់មេរៀនពិសោធន៍ ពិសេសមេរៀនពិសោធន៍ ពីកំហុសក្នុងអតីតកាល»។ ខ្ញុំលើកឡើងបញ្ហានេះ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ដែលគ្រាន់តែឈឺឆ្អាលបញ្ហាកំពុងកើតមានជុំវិញខ្លួន ដោយគ្មានបំណងចាត់ទុកខ្លួនឯង ជាអ្នកចេះដឹង ឬស្រលាញ់ជាតិជាងអ្នកដទៃនោះទេ។

ទស្សនវិទូបារាំងនាសតវត្សទី១៧មួយរូបបានរំលឹកថា កើតមកជាមនុស្សគ្មាន អ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ (L’homme n’est pas parfait) ប៉ុន្តែអាស្រ័យដោយសារអាយុកាល របស់មនុស្សមានកំណត់ ក្រឹត្យក្រមធម្មជាតិចែងច្បាស់ថា អនាគតគឺជារបស់យុវជន ហេតុនេះ បានជាមនុស្សទាំងឡាយក្នុងជំនាន់ខ្ញុំ តែងតែចាប់អារម្មណ៍ចំពោះដំណើរទៅកាន់ អនាគតរបស់អ្នកជំនាន់ក្រោយ ប្រឈមជាមួយនឹងបញ្ហាចំរូងចំរាស់ខ្លះចៀសមិនផុត ដែលជាមរតកឬជាផលវិបាក (Legacy) នៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានកើតឡើងកន្លងទៅនៅកម្ពុជា។

ទោះបីសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ត្រូវបានបញ្ចប់ជាស្ថាពរទៅហើយក្តី អ្នកដែលធ្លាប់ឆ្លងកាត់សម័យនោះ នៅចងចាំបានពីអ្វីដែលបានកើតឡើង ក្នុងអតីតកាល ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយមិនប្រាកដ ជាបន្តរក្សាបាននូវការចងចាំដូចជំនាន់ជីដូនជីតា និងឪពុកម្តាយរបស់ខ្លួនឡើយ។ ប្រការនេះ គេអាចលើកឡើងសំអាងលើមូលហេតុសំខាន់ពីរ៖ ម្យ៉ាងដោយសារយុវវ័យកើត មិនទាន់ព្រឹត្តិការណ៍យូរយាកន្លងផុតទៅ ហើយឯកសារប្រវត្តិសាស្ត្រទាំងនោះខ្លះលំបាកកត់ត្រា ចងក្រង និងរក្សាទុកឱ្យបានគត់មត់ សមល្មមសម្រាប់ការចងចាំយូរអង្វែង។ តែម្យ៉ាងទៀត គឺដោយសារយុវវ័យខ្លួនឯងមិនចង់រំលឹក ដើម្បីចងចាំនូវអ្វីដែលជាអនុស្សាវរីយ៍ជូរចត់ នៃអតីតកាលខ្មៅងងឹតរបស់សង្គមគ្រួសារ និងសង្គមជាតិខ្លួន ហើយថែមទាំងត្រូវបំពេបំពុលទៅដោយការបំភ្លៃ ការបំផ្លើស ការញុះញង់បំផ្លាញតាមរយៈការឃោសនាបែបឱកាសនិយម ប្រជាភិថុតរបស់មជ្ឈដ្ឋានអ្នកដែលប្រឆាំងសច្ចធម៌ប្រវត្តិសាស្ត្រ។

សំណួរជាតឹកតាងទាំងឡាយដែលចោទឡើងជាទូទៅ ក្នុងសង្គមជាតិយើងបច្ចុប្បន្នមានជាអាទិ៍៖ ហេតុអ្វីបានជាយុវជនម្នាក់ មើលមិនឃើញពីឱកាសដែលកំពុងបង្កឱ្យខ្លួនគេ បានសិក្សារៀនសូត្រជាមួយជំនឿចិត្ត និងក្តីរំពឹងលើអនាគតរបស់ខ្លួន? ហេតុអ្វីបានជាយុវជនម្នាក់បណ្តោយខ្លួន ឱ្យធ្លាក់ក្នុងភាពភ្លើតភ្លើន ភ្លេចគិតពីអនាគត តែបែរជាទំលាក់កំហុសមកលើការដឹកនាំសង្គម?

ហេតុអ្វីបានជាយុវជន មកពីជនបទម្នាក់ ដែលកំពុងបម្រើការងារក្នុងសណ្ឋាគារទំនើបមួយនាទីក្រុងភ្នំពេញ មិនឱ្យតម្លៃរដ្ឋដែលបានជួយធានាការងារ និងប្រាក់ឈ្នួលសមរម្យសម្រាប់រូបគេ? ហេតុអ្វីបានជាយុវជនម្នាក់ ដែលតាំងខ្លួនជាអ្នកវិភាគឯករាជ្យបញ្ហាសង្គម និយាយច្រំដែលពីភាពអសកម្ម ដើម្បីទាក់ទាញយុវជនដទៃទៀត ឱ្យបាត់បង់ក្តីសង្ឃឹមលើការដឹកនាំរបស់រដ្ឋាភិបាល?

ហេតុអ្វីបានជាយុវជនម្នាក់ ដែលធំដឹងក្តីនៅឯនាយសមុទ្រ ចូលរួមជាមួយសកម្មភាពប្រឆាំង ជាចំហចំពោះរដ្ឋអំណាច ក្នុងប្រទេសដែលធ្លាប់បានជួយរំដោះជីវិតឪពុកម្តាយពួកគេ ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ និងមានឱកាសបានចេញ ទៅរស់នៅក្រៅប្រទេស?

ហេតុអ្វីបានជាអ្នកនយោបាយ ដែលតាំងខ្លួនជាអ្នកស្រលាញ់ជាតិ ស្នេហាប្រជាធិបតេយ្យលើសគេ ប្រឹងឃោសនា អូសទាញយុវជនជំនាន់ក្រោយឱ្យបំភ្លេចអតីតកាល បំភ្លេចសច្ចៈភាពប្រវត្តិសាស្ត្រ បំភ្លេចគុណអ្នកជំនាន់មុន ហើយអុចអាល ញុះញង់ពួកគេឱ្យចូលរួមចលនាផ្លាស់ប្តូរ សង្គមឆ្ពោះទៅកាន់អនាគតមួយ ក្នុងក្តីស្រមើស្រមៃដែលគ្មានភាពប្រាកដនិយម?

ប្រឈមចំពោះបញ្ហាចោទឡើងខាងលើ ខ្ញុំយល់ថា ចម្លើយជាដំណោះស្រាយពិតជា មិនមែនសាមញ្ញងាយស្រួលពេកទេ ប៉ុន្តែអ្វីដែលអាចរួមចំណែកជួយទប់ស្កាត់ព័ត៌មានមិនពិត (Fake news) ជួយឱ្យគេអាចធ្វើការសម្គាល់បានពីអសច្ចៈភាព និងភាពប្រទូសរ៉ាយ ក្នុងបំណងទុច្ចរិត គឺគ្មានអ្វីក្រៅតែពីការខិតខំស្រាវជ្រាវ ស្វែងរកការពិត និងការចេះវិភាគ ថ្លឹងថ្លែងឱ្យបានត្រឹមត្រូវមុនពេលសន្និដ្ឋាន ទៅលើបាតុភាពអ្វីមួយ ដើម្បីការពារសច្ចៈភាព ដោយផ្អែកលើមូលដ្ឋាន នៃការតំកល់ផលប្រយោជន៍ជាតិ គុណប្រយោជន៍សាធារណៈខ្ពស់ ពីលើអ្វីៗទាំងអស់។ កត្តាសំខាន់មួយដែលធានា ដល់ការស្ថិតស្ថេរគង់វង្សរបស់សង្គមជាតិ គឺការចងចាំគ្មានថ្ងៃបំភ្លេច បាននូវរាល់ព្រឹត្តិការណ៍សំខាន់ៗ ជាប្រវត្តិសាស្ត្រពីអតីតកាល មកដល់បច្ចុប្បន្ន។

ខ្ញុំធ្លាប់ ឮសាស្ត្រាចារ្យប្រវត្តិវិទ្យាដើមកំណើតខ្មែរមួយរូប នៃសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីសប្រទេសបារាំង ដែលបានទាញសញ្ញាអវិជ្ជមាន ពីនិន្នាការរបស់យុវជនខ្មែរជំនាន់នេះ ទាក់ទងទៅនឹងអនាគតរបស់ពួកគេ ដោយការសន្និដ្ឋានសង្ខេបដូចតទៅ៖ ... អាស្រ័យដោយសារការមិនចងចាំ ការមិនស្គាល់ច្បាស់ពីអតីតកាលរបស់ខ្លួន រាប់តាំងពីប្រវត្តិសាស្ត្រ វប្បធម៌ សង្គមធម៌ ទំនៀមទំលាប់ប្រពៃណីល្អពីបុរាណ។ល។ ហើយកំពុងស្ថិតក្នុងបរិបទថ្មី ដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស យុវជនជំនាន់ឥឡូវមួយចំនួន ឆាប់ងាយនឹងទទួលយកដោយ ភ្លេចខ្លួននូវអ្វីដែលថ្មី ហើយដែលជួនកាលមិនសុទ្ធតែល្អទាំងអស់នោះទេ។ ហេតុនេះ បណ្តាលឱ្យពួកគេខ្លះ មិនសូវដឹងគុណមនុស្សចាស់ ហើយគិតតែខំប្រឹងប្រកួតប្រជែងគ្នា ដោយគ្មានការយោគយល់ អត់អោន និងជួយយកអាសារគ្នាដូចមនុស្សជំនាន់មុន...។ ការទូន្មានរបស់លោកស្រីប្រវត្តិវិទូខាងលើនេះ គឺជាការពញ្ញាក់អារម្មណ៍ខ្មែរគ្រប់ជំនាន់។

រឿងរ៉ាវទាំងឡាយ នៃអតីតកាលតែងតែរលុបបាត់ ទៅតាមពេលវេលាដែលបានកន្លងផុតទៅ យ៉ាងឆាប់រហ័ស ប្រសិនបើគេមិនខិតខំរក្សាការចងចាំ។ យុវវ័យខ្មែរបច្ចុប្បន្នអាយុក្រោម៤០ឆ្នាំ ដែលជាទំពាំងស្នងឬស្សីទៅអនាគត គប្បីត្រូវឆ្លៀតសិក្សា ស្រាវជ្រាវ ស្វែងយល់ដើម្បីចងចាំពិតប្រាកដ ពីប្រវត្តិសាស្ត្រសម័យមុន នៃទឹកដីកំណើតខ្លួន ពោលគឺតាំងពីពេលមុនពួកគេស្គាល់ពន្លឺព្រះអាទិត្យទៅទៀត។

ឆ្នាំថ្មីសកល២០១៩ ទើបនឹងចូលមកដល់។ គុណតម្លៃនៃការប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍ប្រវត្តិសាស្ត្រជាអាទិ៍៖ ខួប៤០ឆ្នាំថ្ងៃកំណើតរណសិរ្ស២ធ្នូ ខួប៤០ឆ្នាំ ថ្ងៃជ័យជំនះ៧មករា ពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា គឺការចងចាំជាអមតៈអំពីសច្ចៈធម៌ ប្រវត្តិសាស្ត្រ អំពីពលីកម្ម និងស្នាដៃដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបាន ដែលឥស្សរជនជាន់ខ្ពស់ រួមជាមួយនឹងអ្នកស្នេហាជាតិកម្ពុជា បង្កើតបានសម្រាប់បុព្វហេតុដ៏ថ្លៃថ្លានៃសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលកូនខ្មែរពិសេសយុវវ័យជំនាន់នេះ និងជំនាន់បន្តទៅមុខទៀតត្រូវតបស្នងសងគុណ ដោយការរក្សាការពារគុណតម្លៃ នៃការចងចាំនេះដើម្បីកសាងអនាគតថ្កុំថ្កើងរុងរឿង របស់មាតុភូមិយើង៕

ភ្នំពេញ ថ្ងៃទី ៥ ខែ មករា ឆ្នាំ២០១៩
ដោយ៖ ទេស ទុំ