(កោះកុង)៖ ដើម្បីសុវត្ថិភាពសុខភាព ប្រជាពលរស់នៅតំបន់ព្រៃភ្នំ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ រួមសហការជាមួយមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ សាខាកាំកុងខេត្តកោះកុង បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ និងនៅតាមលំនៅដ្ឋាន ស្ថិតនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
ជាមួយគ្នានោះ មន្ដ្រីកាំកុងត្រូល ក៏បានចុះចែកស្លាកសញ្ញា ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សសាលាជិត៥០០នាក់ បានយល់ដឹងអំពីទំនិញណា ហួសការបរិច្ឆេទថ្ងៃ ខែ ឆ្នាំ ផលិតមិនត្រូវទិញយកទៅបរិភោគឡើយ។
លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូល ខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញនិងសេវា និងកិច្ចសម្របសម្រួល ពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់ម្ហូបអាហារទៅស្លាកសញ្ញាសំបកវេចខ្ចប់ ការបរិច្ឆេទកំប៉័ងកំពិតប៉ោងរលួយ -ល-។
លោកបានបន្ថែមទៀតថា ជាមួយគ្នានោះ ក៏ដើម្បីត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោកបានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើគ្រឿងភេសជ្ជៈ ដែលអាជីករដាក់លក់តាមលំនៅដ្ឋាន និងតាមតូប ដែលអាជីវករដាក់តាំងលក់សាខា កាំកុងត្រូល បានរកឃើញមុខទំនិញគ្រឿងភេសជ្ជៈមួយចំនួន ដែលហួសការបរិច្ឆេទ ហួស ថ្ងៃ ខែ ឆ្នាំ ផលិត តែចំពោះបន្លែផ្លែឈើមន្ត្រីជំនាញ មិនបានរកឃើញមុខបន្លែ មុខមានផ្ទុកសារធាតុគីមីនោះទេ ដោយមន្ត្រីជំនាញ ធ្វើការ ត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយអាជីវករមានការយល់ដឹង កាន់តែខ្ពស់ចំពោះបញ្ហានេះផងដែរ។
លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ចំពោះគ្រឿងភេសជ្ជៈ ដែលហួសការបរិច្ឆេទមន្ត្រីសាខា បានដកហូតយកមករក្សាទុកនៅសាខា ដើម្បីកម្ទេចចោល ហើយមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករកុំទិញ របស់ណាហួសការបរិច្ឆេទ ឬជិតផុតកំណត់ថ្ងៃខែឆ្នាំផលិត យកមកលក់ឲ្យសោះ។
លោក ក៏បានអំពាវនាវ ដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទ ដើម្បីចូលរួមចំណែក ការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករ នៅតាមលំនៅដ្ឋាន និងសិស្សសាលា ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេស មុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគ។
ក្នុងនោះផងដែរ អាជីវករជាម្ចាស់ទំនិញ បានថ្លែងថា ក្រោយពីមានការចុះណែនាំរាល់ខែ របស់មន្ត្រីកាំកុងត្រូល ពួកគាត់មានការយល់ដឹងច្រើន ហេតុដូច្នេះពួកគាត់ទិញតែទំនិញមានគុណភាព យកមកលក់ជូនបងប្អូនយើង៕