(ព្រះវិហារ)៖ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអាជ្ញាធរស្រុកណាំយឺន ខេត្តអ៊ូប៊ុន ប្រទេសថៃ បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅច្រកអានសេះ បន្ទាប់ពីមានការប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលភាគីថៃ បានបិទមិនឲ្យទំនិញ២៣មុខ របស់កម្ពុជា ចូលទៅលក់ក្នុងផ្សារថៃ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់មន្ត្រី និងសមត្ថកិច្ចពាក់ពន្ធជាច្រើនរូបទៀត។ ចំណែកភាគីថៃ ដឹកនាំដោយលោក វរសេនីយ៍ វិឆីត ម៉ាត់ការុន មេបញ្ជាការទិសទី១ និងមានការចូលរួមពីលោក ស៊ុម ឆៃបូរណៈ អភិបាលស្រុកណាំយឺន ព្រមទាំងមន្ត្រី និងកងកម្លាំងជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះ ភាគីថៃបានអនុញ្ញាតឲ្យអាជីវករខ្មែរនាំមើមខ្ទឹមស និងខ្ទឹមក្រហម ចូលទៅលក់ក្នុងផ្សារថៃក្នុងម្នាក់ៗ៣គីឡូក្រាម, ផ្លែល្ពៅអាចយកទៅលក់ក្នុងម្នាក់ៗ១០គីឡូក្រាម ដោយឡែក ទំនិញដែលមានតម្លៃចាប់ពី៥ម៉ឺនបាត ត្រូវសុំច្បាប់គយឲ្យបានត្រឹមត្រូវ។ លើសពីនេះភាគីថៃ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានជម្ងឺត្រូវសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យថៃ អាចធ្វើការទំនាក់ទំនងជាមួយមន្ត្រីប្រចាំការ នៅមាត់ច្រក គេអាចជូនទៅ២៤ម៉ោង រីឯអ្នកដែលមានលិខិតណាត់ជួបជាមួយពេទ្យ ត្រូវដាក់ឯកសារនៅមាត់ច្រកឲ្យបានមួយអាទិត្យមុន។

ស្របជាមួយ និងការកំណត់ក្នុងការនាំទំនិញចូលប្រទេសថៃនោះ ភាគីកម្ពុជា ក៏បានធ្វើការកំណត់ឲ្យប្រជាពលរដ្ឋ អាចនាំសត្វមាន់រស់ក្នុងម្នាក់១០គីឡូក្រាម ចូលមកកម្ពុជា និងផ្លែដូង ក្នុងម្នាក់មួយធ្លាយផងដែរ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារថា ច្រកអានសេះជាច្រកតំបន់មួយ ដែលអាចឲ្យប្រជាពលរដ្ឋនៅជាប់ព្រំដែនទាំងពីរ អាចធ្វើការដោះដូរទំនិញគ្នាទៅវិញទៅមក ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ កន្លងមកភាគីកម្ពុជា តែងតែមានការយោគយល់ចំពោះប្រជាពលរដ្ឋ នៅជាប់ព្រំដែនប្រទេសទាំងពីរ ដោយមិនយកបញ្ហាច្បាប់មកអនុវត្តន៍អ្វីឲ្យហួសហេតុទេ ដែលករណីនេះលោកក៏បានស្នើឲ្យភាគីថៃ ត្រូវមានការយោគយល់ដែរ ទើបប្រជាពលរដ្ឋនៅតំបន់ព្រំដែននេះមានភាពសុខដុម និងគ្នា។

ដោយឡែកង បងប្អូនជាជីវករនៅផ្សារអានសេះ បានសំដែងនូវការសប្បាយរីករាយ ចំពោះអាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរស្រុកជាំក្សាន្ត ដែលបានខិតខំរកដំណោះស្រាយជូនពួកគាត់៕