(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនយោបាយ និងកិច្ចការបទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ បានឆ្លើយតបចំពោះការចោទប្រកាន់របស់អ្នកវិភាគ និងជនអគតិមួយក្តាប់ចំពោះការសាងសង់វិមានឈ្នះ-ឈ្នះ ដែលពួកគេថាជារបស់យួន និងបានក្រឡៃប្រវត្តិសាស្រ្តខ្មែរជាដើម។ នាយឧត្តមសេនីយ៍ ក៏មានបំណងអញ្ជើញអ្នកវិភាគទាំងនោះ មកទស្សនាដោយផ្ទាល់នៅវិមានឈ្នះ-ឈ្នះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅសំណង់វិមានឈ្នះ-ឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា «នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកវិភាគខ្លាំងខាងសំបកក្រៅមួយចំនួន បានលើកឡើងថា ការសាងសង់នូវវិមានឈ្នះ-ឈ្នះ គឺជារបស់យួនបំបាត់នូវអត្តសញ្ញាណខ្មែរ និងក្រឡៃប្រវត្តិសាស្រ្តជាដើម»។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា អ្វីដែលជាការលើកឡើងរបស់ក្រុមអ្នកវិភាគមួយចំនួន និងតាមបណ្តាញសង្គមមួយចំនួនតូច ថា វិមានឈ្នះ-ឈ្នះ គឺជារបស់បរទេសរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានភាពផ្ទុយគ្នាស្រឡះ ហើយទាំងនេះជាភាពជាក់ស្តែង សម្រាប់ជាតិមាតុភូមិទាំងមូល ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រពិតរបស់ខ្លួនផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ៗថា «ចំណុចមួយទៀត ដែលតាំងខ្លួនជាអ្នកវិភាគ ខ្ញុំគិតថា មិនដឹងថា និយមន័យវិភាគនោះ មានន័យយ៉ាងម៉េច? ពីព្រោះថា កាលវិភាគទាល់តែមានទិន្នន័យ មានការរៀបចំនូវការសំយោគឈរនៅលើមូលដ្ឋានណាមួយ ឯការនិយាយថា នេះជាការកែច្នៃប្រវត្តិសាស្ត្រ នេះជាបំភ្លៃប្រវត្តិសាស្ត្រ ហើយសំណង់នេះមានលក្ខណៈជាសំណង់បែបអ្វីមួយផ្សេង ក្រៅពីអ្វីដែលយើងបានបញ្ជាក់ហើយ បញ្ជាក់ទៀតដោយឈរនៅលើគោលនយោបាយឈ្នះ-ឈ្នះ»។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានពន្យល់ដល់ក្រុមអ្នកវិភាគខ្លាំងសំបកខាងក្រៅនោះថា វិមានឈ្នះ-ឈ្នះនេះ គឺមិនបានលុបបំបាត់នូវអត្តសញ្ញាណ ខ្មែរនោះឡើយ ខណៈជុំវិញវិមាននេះ គឺបានឆ្លាក់នូវរូបចំឡាក់ជាច្រើនទាក់ទង និងប្រវត្តិសាស្រ្ត ខ្មែរនិងជំនឿសាសនាខ្មែរយ៉ាងច្រើននោះ។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ក៏បានប្រាប់ទៅក្រុមអ្នកវិភាគ និងជនអគតិទំាងនោះ ថា ការនិយាយចោទប្រកាន់យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរ បានយល់ដឹងច្បាស់ពិតប្រាកដ ខណៈពួកគាត់បានមកទស្សនាវិមាននេះ ជារៀងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃនោះ។
នាយឧត្តមសេនីយ៍ ក៏បានចោទជាសំណួរទៅកាន់ក្រុមអ្នកវិភាគទាំងនោះថា អ្វីដែលហៅថា ប្រវត្តិសាស្ត្រហើយការលើកឡើង ទាំងទន្ទឹងទិសរបស់ជនទាំងនេះ គឺជាអ្វីដែលមួយគិតថា ពួកគេអត់ការងារធ្វើ និងជាអ្វីដែលជាការនិយាយ ដើម្បីតែនិយាយឱ្យបានតែសំឡេងតែប៉ុណ្ណោះ។ ឥឡូវនៅទីនេះ យើងបានរៀបចំចាប់ពីចំណុចសូន្យ មកឈរនៅលើអ្វីដែលមានភាព ជាក់ស្តែងទាំងអស់ ព្រមទាំងយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែង មកដាក់តាំងបង្ហាញនៅទីនេះ (វិមានឈ្នះ-ឈ្នះ)។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបង្ហាញនូវទឹកចិត្តក្លៀវក្លាចង់អញ្ជើញក្រុមអ្នកក្លាហានតែសំបក ឱ្យចូលមកទស្សនា នៅវិមានឈ្នះ-ឈ្នះ ឱ្យបានជាក់ស្តែង មុននឹងធ្វើការវិភាគ មុននឹងលើកអំពីអ្វីមួយដែរ ដែលបានតាំងខ្លួនឯងថា ជាអ្នកចេះដឹងដែលនោះដោយឈរលើទិដ្ឋភាព តថភាព ថា បានមកមើលឃើញ នូវសំណង់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា នាសទវត្សទី២១នេះ គឺសុំអញ្ជើញមកមើលនឹងភ្នែករបស់ខ្លួនឱ្យបានជាក់ស្តែងតែម្តងទៅ។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបានសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នំា២០១៨ កន្លងទៅនេះ។
សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យ ជូពសាសន៍ ប៉ុល ពត។ មួយវិញទៀត ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ៕