(ស្វាយរៀង)៖ មូលនិធិមនុស្សធម៌យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់រោទិ៍ ដែលមានការដឹកនាំដោយលោក សេង សុធារ៉ា និងលោក តឹក ពិសិដ្ឋ ជាអនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក តូច ប៉ូលីវ៉ា ជាប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទិ៍ បាននាំយកថវិកា និងសម្ភារ ដែលជាអំណោយរបស់លោកឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ទៅចែកជូនគ្រួសារក្រីក្រ និងជនចាស់ជរាចំនួន ០៥គ្រួសារ។
ការចុះទៅចែកអំណោយនេះ បានធ្វើឡើងស្ថិតនៅក្នុងឃុំបី គឺឃុំញ័រ ឃុំខ្សែត្រ និងឃុំសំឡី នៃស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។
លោក សេង សុធារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់រោទ៌ បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក ពីលោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង ដែលជានិច្ចកាលថ្នាក់ដឹកនាំ នៃសហភាព សហព័ន្ធយុវជនកម្ពុជា បានយកចិត្តទុកដាក់ជាមួយយុវជន និងប្រជាពលរដ្ឋក្រីក្រ ដែលជួបការខ្វះខាត។
លោកបន្ដថា អំណោយដែលត្រូវចែកជូន ក្នុង១គ្រួសារ ទទួលបានរួមមាន៖ ក្រមា២, អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១ដប, ស្ករស១គីឡូក្រាម, ទឹកដោះគោ១កំប៉ុង, ត្រីខកំប៉ុង១យួ, ថវិកា២០០,០០០រៀល។
គ្រួសារនីមួយៗ បានសំដែងទឹកចិត្តត្រេកអរ និងសូមថ្លែងអំណរគុណ ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងសប្បុរសជននានា ដែលបានចូលរួមផ្តល់ជាថវិកា និងសម្ភារ ជាគ្រឿងឧបភោគ បរិភោគនាពេលនេះ៕