(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភក្មេងស្រី នៅចំណុចភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ។
នគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម វណ្ណដា ហៅញោម អាយុ៥៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ហើយបានធ្វើសកម្មភាពរំលោភកុមារីរងគ្រោះឈ្មោះ ខ ន អាយុ ៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រហូតបានសម្រេច១លើក ខណៈពេលដែលក្មេងស្រីរងគ្រោះដើរ ទៅងូតទឹកខាងក្រោយផ្ទះ ឃ្លាតឆ្ងាយពីផ្ទះ ហើយត្រូវបានជនសង្ស័យខាងលើ ធ្វើសកម្មភាពរំលោភទៅលើក្មេងស្រី រងគ្រោះរហូតបានសម្រេចតែម្តង។
មន្រ្តីនគរបាលរូបនោះ បន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ ពីលោកមេភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយជ្រះ ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។
ក្រោយកម្លាំងនគរបាល បានសាកសួរជនសង្ស័យរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះនោះ ប្រាកដមែន។
ក្រោយពីកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានឪពុក-ម្ដាយ យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ទៅការិយាល័យជំនាញចាត់ការបន្ដ៕