(រតនគិរី)៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកតាវែង ខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំង លោក សុវណ្ណ ធិន អនុប្រធានគណៈកម្មាធិការ គណបក្សស្រុកតាវែង ជាអនុប្រធានគណៈកម្មាធិការគណបក្សទទួលបន្ទុករួម ជំនួសលោក សៀល វីងកា ដែលមានបញ្ហាសុខភាព។
ពិធីប្រកាសតែងតាំង អនុប្រធានគណៈកម្មាធិការ CPP ស្រុកតាវែង ខេត្តរតនគិរី ថ្មីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក វ៉ាន់ សោភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត និងប្រធានក្រុមការងារចុះជួយស្រុកតាវែង និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
លោក វ៉ាន់ សោភា បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកំរិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស។
លោកបានបន្ថែមថា «ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយឲ្យមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាពដែលកើតឡើង ពីនយោបាយ(ឈ្នះ-ឈ្នះ) របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជាដាច់ខាត»។
ជាមួយគ្នានោះ លោក វ៉ាន់ សោភា ក៏បានផ្ដាំផ្ញើឲ្យត្រូវបន្ត ធ្វើអំពើល្អជាមួយពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗ ឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹងយល់ជ្រួតជ្រាបជៀសវាងមានការថ្នាំងថ្នាក់ណាមួយ៕