(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ បានផ្ដាំផ្ញើដល់សមាជិក-សមាជិកាបក្ស ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារ និងថែរក្សា ឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ប្រឆាំងដាច់ខាត នូវចលនាបដិវត្តន៍ពណ៌គ្រប់រូបភាព។
ការផ្ដាំផ្ញើបែបនេះ របស់លោក វេង សាខុន បានធ្វើឡើងក្នុងពិធីប្រារព្ធមិទ្ទិញ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា និងធ្វើការផ្សព្វផ្សាយពីលទ្ធផល របស់មហាសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ។
លោក វេង សាខុន បានបញ្ជាក់ថា ថ្ងៃជ័យជំនះ ៧មករានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈ មនសិការ និងគុណបំណាច់របស់វីរៈកម្មាភិបាល វីរៈយុវជន យុវនារីស្នេហាជាតិ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលបានក្រោកឈរឡើងតស៊ូ ធ្វើពលីកម្ម បូជាអាយុជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩។
លោកថា ពន្លឺជ័យជំនះ ជាប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់នេះ បានធ្វើឲ្យប្រទេសជាតិ និងប្រជាជនទូទាំងប្រទេស ទទួលបានយ៉ាងពេញលេញ នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ទូទាំងផ្ទៃប្រទេស ជាបន្តបន្ទាប់រហូតសម្រេចបាន នូវសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យដូចយើង បានឃើញក្នុងពេលបច្ចុប្បន្ន។
លោកបន្ដថា ដើម្បីរក្សាការពារ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែររីកចម្រើនបន្ថែមទៀត ឆ្លើយតបទៅតាមសេចក្តីត្រូវការ ជាចាំបាច់របស់ប្រទេសជាតិ និងប្រជាជន រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤១ ដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន វាយតម្លៃលើចំណុចខ្លាំង និងចំណុចខ្សោយ រួចដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ឈានទៅសម្រេច ឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០។
ពិតណាស់ដើម្បីគាំទ្រ និងចូលរួមសម្រេច ឲ្យបាននូវផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យនេះ លោក វេង សាខុន បាននាំយកលទ្ធផលរបស់មហាសន្និបាតទាំង១១ចំណុច ផែនការ និងទិសដៅអនុវត្តបន្ត ព្រមជាមួយ អនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកផ្សព្វផ្សាយ និងបានធ្វើការណែនាំបន្ថែមដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់លើចំណុចសំខាន់ៗ ស្របតាមទិដ្ឋភាព និងស្ថានការណ៍ ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ ដើម្បីយកទៅធ្វើជាត្រីវិស័យក្នុងការកសាងការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយឡែកអភិវឌ្ឍន៍ស្រុកតំបែរ ឲ្យមានការរីកចម្រើនបន្ថែមទៀត។
នាឱកាសនេះផងដែរ លោក វេង សាខុន បានផ្តាំផ្ញើដល់សមាជិក-សមាជិកាថា យើងមិនត្រូវមានមោទភាព លើជ័យជំនះ ដែលយើងទទួលបានពេកទេ ផ្ទុយទៅវិញត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ប្រឆាំងដាច់ខាតនូវចលនាបដិវត្តន៍ព័ណ៌គ្រប់រូបភាព ហើយចាំបាច់ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺត្រូវចុះមូលដ្ឋានបម្រើប្រជាជនដោយស្មោះត្រង់ ពេញលេញ សកម្ម ទូលំទូលាយ ទាន់ពេលវេលា មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។
លោក វេង សាខុន បានបញ្ជាក់ទៀតថា ជាពិសេសត្រូវបន្តអនុវត្តគោលនយោបាយ ក៣ (កើត អាពាហ៍ពិពាហ៍ និងមរណភាព) និងត្រូវពង្រឹងសេវាសាធារណៈ នៅមូលដ្ឋានស្រុកតំបែរ ឲ្យកាន់តែមានប្រសិទ្ធភាព៕