(ភ្នំពេញ)៖ កុមារជាច្រើននៅក្នុងប្រទេសកម្ពុជា និងមានឱកាសអាចបានបញ្ចេញសមត្ថភាពពិសេសៗ របស់ខ្លួនបានជាច្រើនដូចជា ប្រកួតប្រកបអក្សរ សរសេរតាមអាន គិតលេខ សូត្រកំណាព្យ ប្រដេញពាក្យ ប្រកួតដើរម៉ូត រាំ ច្រៀង គូររូប សង់ Lego, Doy Doy, Tangram និងផ្សេងៗទៀតជាច្រើននោះ ក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦នាថ្ងៃទី១៩-២០ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ។ នេះបើយោងតាមលោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា ដែលបានលើកឡើងនារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំលើកទី៦។
លោក សេង ពិសិដ្ឋ បានឱ្យដឹងថា ពិព័រណ៍កុមារលើកទី៦នេះ នឹងរៀបចំការប្រកួតជាច្រើនសម្រាប់ប្អូនៗ កុមារបញ្ចេញសមត្ថភាពរួមមាន កម្មវិធីប្រកួតប្រកបអក្សរ សរសេរតាមអាន គិតលេខ សូត្រកំណាព្យ ប្រដេញពាក្យ ប្រកួតដើរម៉ូត រាំ ច្រៀង គូររូប សង់ Lego, Doy Doy, Tangram ជាមួយឱកាស ទទួលបានរង្វាន់ជាច្រើន។ ទីធ្លាលេងកំសាន្តចំនួន៥ នឹងត្រូវរៀបចំជាពិសេសសម្រាប់កុមារតូចៗ ដែលភ្ជាប់មកជាមួយនូវកន្លែងអានសៀវភៅ កន្លែងរៀនបត់ក្រដាស origami ទីធ្លារៀនគូររូបឆ្លាក់អក្សរ និងកន្លែងពិសោធន៍វិទ្យាសាស្ត្រ។
លោកបានបន្តថា ភាពចាំបាច់បំផុត របស់មាតាបិតាក្នុងការវិនិយោគពេលវេលាអប់រំកូន ជាប្រចាំដើម្បីកសាងមូលដ្ឋានអនាគតកុមារ ក្នុងលក្ខខណ្ឌសំខាន់ៗ៣ ដែលកុមារត្រូវការដើម្បីការរីកចម្រើននៅថ្ងៃអនាគត ដែលមាន ការគិតត្រូវ ការខិតខំប្រឹងប្រែង និងសារជាតិជាមនុស្សល្អ (Head, Hand, Heart)។ ខ្លួនឯងជាអ្នកគ្រប់គ្រងជីវិត និងទទួលខុសត្រូវលើជោគវាសនាខ្លួនឯង មិនមែនជឿលើកម្មជាតិមុន ព្រះ ឬរបស់នៅក្រៅខ្លួននោះទេ។ ភាពជាមនុស្សល្អសំដៅដល់ភាព ស្មោះត្រង់ ស្វាមីភក្ត្រ ការចែករំលែក ភាពកត្តញ្ញូ និងការមិនគិតតែពីខ្លួនឯង។
លោក Ismail Abdul Samat នាយកបឋមសិក្សារបស់សាលាអន្ដរជាតិ SCIA បានលើកឡើងថា ក្នុងឆ្នាំថ្មីនេះ សាលាអន្តរជាតិ SCIA នឹងនាំជូនសកម្មភាពកម្សាន្តបែបអប់រំ យកមកបង្ហាញក្នុងពិព័រណ៍កុមារលើកទី៦ ដែលសកម្មភាពទាំងនោះនឹងឆ្លុះបញ្ចាំងអំពីកម្មវិធីសិក្សាអន្តរជាតិ ដែលល្អផ្តាច់គេរបស់ SCIA គឺ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ការអភិវឌ្ឍភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។ ស្តង់របស់សាលា SCIA ក្នុងពិព័រណ៍កុមារលើកទី៦នេះ នឹងមានរៀបចំកម្មវិធីកម្សាន្ដសប្បាយប្លែកៗរួមមាន៖ ជញ្ជាំងវង្វេង កម្មវិធីប្រកួតប្រណាំងរថយន្តខ្នាតតូច “SCIA Grand Prix” ការបង្កើតរថយន្តកម្សាន្តដោយប្រើជ័រកៅស៊ូ ការបង្កើតគំនូរសិល្បៈ៣D និងការកម្សាន្ដពិសេសៗទៀត។
សូមជម្រាបដែរថា ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦នេះ នឹងធ្វើឡើង នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់ ដែលកម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា និងមានការឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA ហើយពិធីនេះក៏មានការចូលរួម ពីក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារ និងគ្រួសារល្បីៗ ដូចជាម្សៅទឹកដោះគោ ចំណីអាហារ សាលារៀន ទារកដ្ឋាន បណ្ណាគារ របស់របរលេង រថយន្ត ធនាគារ ធានារ៉ាប់រង ប្រមានជាង២០០ស្តង់ ផលិតផលសរុបជាង ៥,០០០មុខ នឹងត្រូវដាក់បង្ហាញជាមួយការលក់បញ្ចុះតម្លៃពី១០%ដល់៥០%ដងដែរ៕