(ភ្នំពេញ)៖ លោក សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ប្រទេសកម្ពុជា នឹងបន្ដអភិវឌ្ឍបានល្អប្រសើរបន្ថែមទៀត ក្រោមការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា-ចិន។
ការលើកឡើងយ៉ាងដូច្នេះ របស់អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ រូបនេះ បានធ្វើឡើងក្នុងពិធីជួបជុំភ្ញៀវកិត្តិយស មកពីប្រទេសចិន របស់ក្រុមហ៊ុន Morgan ដែលរៀបចំធ្វើ ឡើងនៅ Huang shan International Hotel នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះ លោក សួង ណយ បានលើកឡើងថា ប្រទេសកម្ពុជា និងចិន បានក្លាយជាអ្នកជិតខាងដ៏ជិតស្និទ្ធ តាំងពីបុរាណកាលមកម្ល៉េះ ហើយប្រទេសទាំងពីរ មានចំណងមិត្តភាពដ៏យូរអង្វែង។
លោកបានបន្តថា ឥឡូវនេះ មេដឹកនាំនៃប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ កាន់តែខ្លាំងឡើង នៅពេលដែលមានការរីកចំរើន ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។
លោក សួង ណយ បានរំពឹងយ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងអភិវឌ្ឍបានល្អប្រសើរជាងមុន ក្រោមការគាំទ្រគ្នា ទៅវិញទៅមក នៃប្រទេសកម្ពុជា និងចិន។
លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមជាមួយរដ្ឋាភិបាលចិន និងក្រុមហ៊ុនចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន នៅកម្ពុជា រួមមាន៖ ស្ថានីយវារីអគ្គីសនី ផ្លូវហាយវ៉េ សំណង់ និងអណ្តូងរ៉ែ ដែលបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានបង្កើតការងារជាច្រើន ដល់ប្រជាពលរដ្ឋ៕