(កោះកុង)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមករានេះថា នៅព្រឹកនេះ ទឹកសមុទ្របានជនជោរ ដោយមានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ វាយប្រហារតូបលក់ដូរ និងលំនៅដ្ឋានរបស់អាជីវករ និងប្រជាពលរដ្ឋ នៅឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សេចក្តីការណ៍បានបញ្ជាក់ទៀតថា ជាដោះស្រាយចំពោះមុខប្រជាពលរដ្ឋ និងអាជីវកម្ម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជម្លៀស ទៅរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ។
ករណីកើតមានរលកធំៗនេះ ទំនងជាមិនមែនកើតឡើង តែនៅឆ្នេរបាក់ខ្លងប៉ុណ្ណោះទេ គឺអាចកើតឡើង ចំពោះឆ្នេរសមុទ្រទាំងអស់ ក្នុងខេត្តកោះកុង។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីព្រមាណឥទ្ធិពលរបស់ព្រុះ ប៉ាប៊ុក (PABUK) ដោយព្យុះនេះវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ដែលលក្ខណៈបែបនេះ អាចធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕