(ភ្នំពេញ)៖ សហគមន៍មិត្តប្រាសាទព្រះវិហារ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បានជួបសវនាការសម្ដែងនូវការគួរសម និងជូនពរជ័យដល់ ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង នៅក្នុងឱកាសទិវានយោបាយឈ្នះ-ឈ្នះ និងចូលឆ្នាំសាកល នៅក្នុងខុទ្ទការល័យវិមានមិត្តភាព។
សហគមន៍មិត្តប្រាសាទព្រះវិហារ បានលើកឡើងថា «ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែល ឯកឧត្តម បានអនុញ្ញាតឱ្យយើងខ្ញុំទាំងអស់គ្នាបានចូលជួបសម្ដែងការគួរសម និងគោរពជូនពរក្នុងឱកាសចូលឆ្នាំសាកលថ្មី ឆ្នាំ២០១៩ និងទិវាឈ្នះ-ឈ្នះ ខួបទី២០»។
សហគមន៍មិត្តប្រាសាទព្រះវិហារ បានលើកឡើងទៀតថា «ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងនាមយើងខ្ញុំជាសហគមន៍មិត្តប្រាសាទព្រះវិហារ រួមទាំង ប្រជាពលរដ្ឋខ្មែរទាំងមូល សូមសម្ដែងនូវគុណូបការៈដ៏ជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ខ្ញុំបាទសូមការអនុញ្ញាតពី ឯកឧត្តម ដើម្បីលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដែលយើងខ្ញុំចងចាំបានថា ៖
សហគមន៍មិត្តប្រាសាទព្រះវិហារ បានចាត់ទុកថា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាសហការីដ៏ស្មោះស្ម័គ្រប្រកបដោយថាមពលរបស់ សម្ដេចតេជោ ហ៊ុន សែន តាមរយៈការនាំមុខ និងជំរុញឱ្យមានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះប្រដាប់អាវុធកម្ពុជា ដែលជាមូលដ្ឋានឈានទៅដល់ការបញ្ចប់ជម្លោះប្រដាប់អាវុធនៅលើទឹកដីកម្ពុជា ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចផងដែរ។
មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែង ពុះពារ និងលះបង់គ្រប់ឧបសគ្គនៅក្នុងវិស័យផ្លូវច្បាប់ នៅចំពោះមុខតុលាការយុត្តិធម៌អន្ដរជាតិ(ICJ) ក្នុងកិច្ចរក្សានិងការពារសាលក្រមសម្រេចរបស់តុលាការយុត្តិធម៌អន្ដរជាតិ ឆ្នាំ១៩៦២ ស្ដីពីកម្មសិទ្ធិប្រាសាទព្រះវិហារ និងបូរណភាពទឹកដីនៅក្នុងតំបន់នោះ ដែលទទួលបានជោគជ័យជូនជាតិនិងមាតុភូមិ ប្រកបដោយមោទកភាពខ្ពស់របស់ជាតិ ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានខិតខំពង្រឹងពង្រីកនូវចំណងនិងទំនាក់ទំនងការទូតដ៏សកម្មនិងមានថាមពល ជាមួយបណ្ដាប្រទេសនានា ទាំងក្នុងក្របខណ្ឌតំបន់និងឆាកអន្ដរជាតិ ដែលបានគៀរគរប្រជាជាតិ ជាមិត្តជិតឆ្ងាយ ក្នុងការងារទំនាក់ទំនងល្អ ក៏ដូចជាកិច្ចសហប្រតិបត្តិការ គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ក្នុងគោលនយោបាយជាតិរបស់កម្ពុជា ដែលមានមូលដ្ឋានគ្រឹះ សន្ដិសហវិជ្ជមាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រជាជាតិណាមួយ និងមិនរើសអើងពណ៌សម្បុរនយោបាយ ដែលជា បទពិសោធន៍ដ៏ថ្លៃថ្នានិងជាមរតករបស់កម្ពុជា។
ជាថ្មីម្ដងទៀត សហគមន៍មិត្តប្រាសាទព្រះវិហារទាំងអស់គ្នា គោរពជូនពរចំពោះ ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឱកាសនៃទិវានយោបាយ ឈ្នះ-ឈ្នះ ខួបទី២០ ក៏ដូចជាចូលឆ្នាំសាកល ឆ្នាំ២០១៩ថ្មីនេះ៕
សូមបញ្ជាក់ថា សហគមន៍មិត្តប្រាសាទព្រះវិហារ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្ដាបុត្រ ក្នុងបេសកកម្មការពារ និងថែរក្សាផលប្រយោជន៍ប្រាសាទព្រះវិហារ ដែលជាមរកដូនតាខ្មែរ៕