(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានដាំដើមឈើ១០,០០០ដើម ក្នុងឆ្នាំ២០១៨ ដើម្បីចូលរួមចំណែកលើកកម្ពស់បរិស្ថាន និងស្តារព្រៃនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។
រៀងរាល់៣ខែម្តង បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ពីគ្រប់បុត្រសម្ព័ន្ធទាំងអស់ បានសហការគ្នាដាំកូនឈើនៅតាមសហគមន៍នានានៅជុំវិញប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកធ្វើឲ្យបរិស្ថានកាន់តែប្រសើរឡើង។
ក្នុងខែមេសា ឆ្នាំ២០១៨ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង បានធ្វើដំណើរទៅកាន់តំបន់ការពារសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ហើយបានដាំដើមឈើ១០០០ដើម។
កាលពីខែមិថុនា ឆ្នាំ២០១៨ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង បានធ្វើដំណើរទៅកាន់សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែក្នុងខេត្តកំពត ហើយបានដាំដើមកោងកាង៣០០០ដើម។
ហើយខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង បានធ្វើដំណើរទៅកាន់សហគមន៍អេកូទេសចរណ៍បឹងឈូកក្នុងខេត្តសៀមរាប ហើយបានដាំដើមកោងកាងភ្នំ៣០០០ដើម។
ចុងក្រោយក្នុងខែធ្នូ ឆ្នាំ២០១៨ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង បានធ្វើដំណើរទៅកាន់សហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយក្នុងខេត្តកោះកុង ហើយបានដាំដើមកោងកាង៣០០០ដើម ដើម្បីជាការអបអរការដាច់ឆ្នាំចាស់២០១៨ ចូលឆ្នាំថ្មី២០១៩។
ក្រៅពីការដាំកូនឈើ បុគ្គលិក ជីប ម៉ុង ក៏តែងតែចែកទឹកផ្លែឈើ នំស្រួយហាណាមិ និងសម្ភារៈសិក្សាទៅសិស្សានុសិស្សនៅតាមសាលា ដែលនៅក្បែរតំបន់ ដែលសហការី ជីប ម៉ុង ទៅដាំកូនឈើផងដែរ៕