(ភ្នំពេញ)៖ នៅសប្តាហ៍ដំបូង ដើមឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ដែលមានរោងចក្រផលិតកាបូប និងរោងកាត់ដេរសម្លៀកបំពាក់ចំនួន៥គ្រោង សរុបទុនវិនិយោគជាង២០លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីជូនពលរដ្ឋខ្មែរជាង៥ពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ SEES GLOBAL (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,១៦៦កន្លែង។
២៖ SHENG XIANG LI (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨១៦កន្លែង។
៣៖ CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ១,០៥៦កន្លែង។
៤៖ TECHWAVES ALLIANCE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៩៤កន្លែង។
៥៖ IREACH FACTORY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,០៧៩កន្លែង។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ប្រតិភូវិនិយោគិនចិន ក្នុងជំនួបនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ថា ភាពអំណោយផល នៃបរិយាកាសវិនិយោគកម្ពុជា ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧.២៥%ក្នុងមួយឆ្នាំ ដូចអ្វីដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ក្នុងឆ្នាំ២០១៨កន្លងមក។ កំណើននេះនឹងបន្ដក្នុងឆ្នាំ២០១៩ ហើយបានធ្វើឱ្យកម្ពុជាក្លាយជាទិសដៅ នៃការវិនិយោគដោយផ្ដល់ទំនុកចិត្ដ ដល់អ្នកវិនិយោគបរទេសឱ្យបណ្តាក់ទុនលើគ្រប់វិស័យ៕