(ព្រះសីហនុ)៖ ជនជាតិចិនមួយក្រុមអង្គុយផឹកស៊ីតុជាមួយគ្នា ក្នុងក្លឹបកម្សាន្ដ ស៊ីលីហួយ KTV ស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ស្រាប់តែទាស់ពាក្យសម្ដីគ្នារហូតឈានដល់ការផ្ទុះអាវុធបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតក្នុងក្លឹបកម្សាន្ដ ស៊ីលីហួយ KTV។
បន្ទាប់ពីទទួលបានករណីផ្ទុះអាវុធ នៅក្នុងក្លឹបកំសាន្តខាងលើភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ ពេលនោះគេបានប្រាប់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះហើយ កម្លាំងជំនាញបានទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលទៅដល់ជនជាតិចិនដែលរងរបួសបានស្លាប់បាត់ទៅហើយ ដោយមានជនជាតិចិនដែលជាមិត្តភក្តិរបស់ជនរងគ្រោះនៅទីនោះចំនួន១០នាក់ (ស្រី០២នាក់)។
បន្ទាប់មកកម្លាំងជំនាញបានហៅពួកគាត់មកសាកសួរបំភ្លឺទើបដឹងថាករណីនេះ កើតឡើងដោយសារជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយមិត្តភក្តិដែលផឹកស៊ីរួមតុគ្នា ពេលនោះជនរងគ្រោះបានដកកាំភ្លើងចេញពីចង្កេះរបស់គេ អាមេបញ្ជូលគ្រាប់ដើម្បីគំរាម ហើយក៏មានការប្រទាញប្រទង់គ្នា កាំភ្លើងក៏ផ្ទុះបណ្តាលឲ្យត្រូវជនរងគ្រោះតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ឈ្មោះ TIAN ZHOU អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្វរជូណាអ៊ិនធើណាសិនណាល់ ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចដកហូតបានវត្ថុតាង កាំភ្លើងខ្លី ០១ដើម ម៉ាក GLOCK 19 AUSTRIA មានលេខៈ BFSK697 ពណ៌ខ្មៅ បង់កាំភ្លើង០១ មានគ្រាប់ ១១គ្រាប់។ បច្ចុប្បន្នកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕