(សៀមរាប)៖ និស្សិតផ្នែកសិល្បៈ និងបុរាណវិទ្យាមួយក្រុមនៃសាកលវិទ្យាល័យ Cornell របស់សហរដ្ឋអាមេរិក បានមកទស្សនកិច្ចសិក្សាដោយផ្ទាល់នៅរមណីយដ្ឋានអង្គរ និងរាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីវប្បធម៌-អរិយធម៌ខ្មែរ សិប្បកម្មសូត្រ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មសំណង់បុរាណខ្មែរ។
ទស្សនកិច្ចសិក្សានេះមានរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៣ដល់១៨ ខែមករា ឆ្នាំ២០១៩ នៅតាមទីតាំងសំខាន់ៗ ដូចជា ប្រាសាទក្នុងរមណីយដ្ឋានអង្គរ កសិដ្ឋានផលិតសូត្រនៅស្រុកពួក មជ្ឈមណ្ឌល CKS ប្រាសាទសំបូរព្រៃគុក រាជវាំងចតុមុខ សារមន្ទីរជាតិ សារមន្ទីរទួលស្លែង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កន្លែងផលិតសូត្រនៅកោះដាច់ ផ្សារទួលទំពូងជាដើម ដើម្បីឱ្យនិសិ្សតបានស្វែងយល់ កាន់តែច្បាស់ពីវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ សិប្បកម្មតម្បាញសូត្រ ទីផ្សារលក់ដូរវត្ថុសិល្បៈ របាំ ព្រមទាំងអនុវត្តផ្ទាល់លើការគូរចម្លាក់ ដាប់ចម្លាក់ និងហាត់រាំរបាំខ្មែរ។
លោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានឱ្យដឹងថា ទស្សនកិច្ចសិក្សានេះ គឺជាការបន្តបង្រៀនដល់និស្សិតឱ្យអនុវត្តផ្ទាល់ដល់ទីកន្លែង បន្ទាប់ពីលោកបានបង្រៀនទ្រឹស្តីមួយឆមាសដល់ពួកគេទាក់ទងនឹងមុខវិជ្ជាទឹក សិល្បៈ នយោបាយនៅអាស៊ីអាគ្នេយ៍ អរិយធម៌ខ្មែរ និងអរិយធម៌ពិភពលោក ប្រវត្តិសាស្រ្តខ្មែរ ឧស្សាហកម្មកុលាលភាជន៍ខ្មែរ និងការគ្រប់គ្រងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យពួកគេចាប់អារម្មណ៍ខ្លាំង និងចង់មកសិក្សាដោយផ្ទាល់។
លោកស្រី ផាន់ ហាន់ណា សាស្ត្រាចារ្យអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យ Cornell បញ្ជាក់ថា និស្សិតសិល្បៈ និងបុរាណវិទ្យានៃសាកលវិទ្យាល័យ Cornell កាន់តែច្រើនបានចាប់អារម្មណ៍ពីសិល្បៈ និងបុរាណវិទ្យាកម្ពុជា ហើយនេះជាលើកទី៥ ដែលសាកលវិទ្យាល័យ Cornell បានដឹកនាំនិសិ្សតមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់ពីប្រវត្តិសិល្បៈ វប្បធម៌ តម្បាញសូត្រ ចម្លាក់ថ្ម របាំ និងប្រាសាទខ្មែរ ជាពិសេសការប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកក្នុងតំបន់អង្គរ។
លោកស្រីសាស្រ្តាចារ្យ Kaja Mc Gowan ជាអ្នកដឹកនាំនិស្សិត បានលើកឡើងថា ទស្សនកិច្ចសិក្សានេះ វាជាបទពិសោធន៍ដ៏សំខាន់នៅក្នុងជីវិតរបស់និស្សិតសិល្បៈ និងបុរាណវិទ្យាទាំង៩នាក់ ដែលបានមកសិក្សាដោយផ្ទាល់អំពីអរិយធម៌ខ្មែរ ព្រោះនៅកម្ពុជាមានបុរាណដ្ឋានច្រើនកន្លែង មានវប្បធម៌ប្រពៃណីគួរឱ្យចាប់អារម្មណ៍ទាំងការសិក្សាទ្រឹស្តី និងការស្រាវជ្រាវផ្ទាល់។
លោក អ៊ា ដារិទ្ធ ក៏បានចែករំលែកបទពិសោធន៍ការងារទាក់ទងនឹងបុរាណវិទ្យា ប្រវត្តិសាស្ត្រខ្មែរ វប្បធម៌ប្រពៃណីខ្មែរ អរិយធម៌ពិភពលោក នយោបាយនៅអាស៊ីអាគ្នេយ៍ ការគ្រប់គ្រងទឹក និងការគ្រប់គ្រងរមណីយដ្ឋានអង្គរដល់និស្សិតនៅ Cornell បានយល់កាន់តែច្បាស់និងមកសិក្សាស្វែងយល់ដោយផ្ទាល់នៅអង្គរ និងរាជធានីភ្នំពេញផងដែរ៕