(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះមកពិនិត្យការងារបង្កបង្កើនផល របស់ប្រជាកសិករ នៅស្រុកកំពង់សៀម និងស្រុកចំការលើ ខេត្តកំពង់ចាម។
តាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា នៅទូទាំងស្រុកកំពង់សៀម មានផ្ទៃដីចំការប៊ិះគក់សរុបចំនួន ១៤៥ហិកតា អាចទទួលបានទិន្នផល ពី៥-៣តោនក្នុង១ហិកតា លក់បានតម្លៃ ៩០០ រៀលក្នុង១គីឡូ។
បន្ទាប់ពីប្រមូលផលរួច កសិករធ្វើដីហាលទុករង់ចាំ ដើមរដូវរស្សាទើបដាំដំណាំពោត បានមួយលើកទៀត ករណីនេះប្រសិនបើលក្ខខណ្ឌអាកាសធាតុអំណោយផល ដំណាំដុះលូតលាស់បានល្អ ផ្តល់ទិន្នផលខ្ពស់ ធ្វើឲ្យចំណូលគ្រួសារកើនឡើង។
ក្នុងឱកាស ចុះពិនិត្យការងារបង្កបង្កើនផល របស់ប្រជាកសិករនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងទៅកាន់កសិករ ក្នុងទឹកចិត្តសប្បាយរីករាយ នៅពេលដែលកសិករ អាចរកចំណូលមួយ មានកម្រិតខ្ពស់ ដែលអាចនិយាយបានថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៥០ អាចសម្រេចបាន គឺការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលកម្រិតខ្ពស់។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ថវិកាអនុវត្តគម្រោង ដែលមានមន្រ្តីបច្ចេកទេស នៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមកជួយបណ្តុះបណ្តាលបច្ចេកទេស ដលប្រជាកសិករផងដែរ។
ដើម្បីរក្សាស្ថិរភាពតម្លៃ និងបរិមាណផ្គត់ផ្គង់ លោករដ្ឋមន្ដ្រី បានឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយរៀបចំសហគមន៍ផលិតបន្លែ រួមជាមួយដៃគូវិស័យឯកជន ក្នុងការចុះកិច្ចសន្យា ប្រមូលទិញ កសិផលឲ្យទទួលបានតម្លៃសមរម្យ និងចុះមកវាយតម្លៃលើស្តង់ដារផលិតដើម្បីផ្តល់វិញ្ញាបនបត្រ GAP ដល់អ្នកផលិត។
លោក វេង សាខុន បានបញ្ជាក់ថា ការធ្វើបែបនេះ ក្នុងគោលបំណងធានាពីភាពត្រឹមត្រូវ គុណភាព និងសុវត្ថិភាព ដើម្បីបង្កើនការជឿទុកចិត្ត ដល់អ្នកបរិភោគ៕