(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កិច្ចប្រជុំបណ្តាញអ្នកជំនាញទេសចរណ៍ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍លើកទីមួយ អមជាមួយពិធីប្រកាសផ្សព្វផ្សាយសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយជាផ្លូវការចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ ប្រចាំឆ្នាំ២០១៩ ក្រសួងទេសចរណ៍ ក៏បានប្រកាសបង្កើតឱ្យមាន «បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍» លើកដំបូង។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីសំណាក់អ្នកជំនាញទេសចរណ៍ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ តំណាងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងមន្ទីរទេសចរណ៍ សរុបប្រមាណ ១២០នាក់។
កិច្ចប្រជុំបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍លើកទីមួយនេះ បានឯកភាពបង្កើនកិច្ចសហការឱ្យកាន់ល្អរវាងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគិត រួមធ្វើទាំងអស់គ្នា ដើម្បីសម្រេចឱ្យបានការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងការទទួលខុសត្រូវ សំដៅចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាពក្នុងឆ្នាំ២០៣០ និងជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អ ជាពិសេសជំរុញការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យមានគុណភាព សមត្ថភាព និងគុណវុឌ្ឍិ ឆ្លើយតបទៅនឹងស្តង់ដាជាតិ អាស៊ាន តំបន់ និងអន្តរជាតិ ពោលគឺសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តដែលបានដាក់ចេញ រួមមាន៖
* ឆ្នាំ២០២០៖ បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ០១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព។
* ឆ្នាំ២០២៥៖ បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១.២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។
* ឆ្នាំ២០៣០៖ សម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4៖ «ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប» និង SDG8៖ «ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប» ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្សទាំងក្នុងបរិបទជាតិ និងតំបន់។
អង្គប្រជុំបានទទួលបានចំណេះដឹងអំពីសភាពការណ៍ថ្មីៗ នៃការអភិវ៊ឌ្ឍវិស័យទេសចរណ៍ផ្អែកលើទស្សនទាន «ភាពស្អាត និងបៃតង» ជាពិសេសសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៅក្នុងវិស័យទេសចរណ៍ សំដៅធានាឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទទួលស្គាល់ពីតួនាទីរបស់បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ និងការចូលរួមក្នុងដំណើរការអនុវត្តសកម្មភាពបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព និងជំនាញវិជ្ជាជីវៈខ្ពស់ ស្របតាមស្តង់ដាជាតិ អាស៊ាន តំបន់ និងអន្តរជាតិ ដែលនឹងចូលរួមធានាដល់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
អង្គប្រជុំបានឯកភាពលើការរៀបចំឱ្យមានការជូបជុំបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស៍យទេសចរណ៍រៀងរាល់ ៣ខែម្តង សម្រាប់កិច្ចប្រជុំបចេ្ចកទេស និង ៦ខែម្តង សម្រាប់កិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាការងារទាក់ទងទៅនឹងបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ និងបានគាំទ្រលើការរៀបចំវេទិកាជាតិទេសចរណ៍ប្រចាំឆ្នាំ ដែលតាមរយៈវេទិកាជាតិនេះនឹងក្លាយជាទីណាត់ជួបមួយសម្រាប់ចែករំលែក និងចងបណ្តាញរវាងសិស្ស និស្សិត សាស្រា្តចារ្យ អ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍ គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៍ដូចជាពិភាក្សារកឱ្យឃើញបញ្ហា និងដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និយយាយដោយឡែក និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និយាយជារួម។
អង្គប្រជុំបានប្រកាសសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ចំនួន ៦៨នាក់ និងបាន ឯកភាពដាក់បញ្ចូលសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ចំនួន ១៨នាក់ បន្ថែមផងដែរ។
អង្គប្រជុំបានគាំទ្រ និងឯកភាពលើការរៀបចំឱ្យមានអ្នកផ្តល់ការបណ្តុះបណ្តាលគំរូ ពិព័រណ៌ម្ហូបអាហារ និងការប្រឡងប្រណាំង អាហារស្អាតតាមដងផ្លូវ និងការប្រឡងប្រណាំងសរសេរអត្ថបទស្រាវជ្រាវក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបានដាក់ឱ្យផ្សព្វផ្សាយសៀវភៅតម្រង់ទិសការសិក្សា និងអាជីពក្នុងវិស័យទេសចរណ៍ ព្រមទាំងបានប្រកាសផ្សព្វផ្សាយជាផ្លូវការ ចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ ប្រចាំឆ្នាំ២០១៩ លើផ្នែកការិយាល័យជួរមុខ និងផ្នែកម្ហូបអាហារ និងភេសជ្ជៈ ដែលលទ្ធផលជ័យលាភីនៃការប្រឡងប្រណាំងនេះគ្រោងនឹងប្រកាសផ្សព្វផ្សាយក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩។
គួរកត់សម្គាល់ថា បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍មានការឆន្ទៈ និងប្តេជ្ញាចិត្តខ្ពស់នៅក្នុងរួមគិត រួមធ្វើក្នុងការសម្រេចចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាពក្នុងឆ្នាំ២០៣០ ជាពិសេសចូលរួមសម្រេចចក្ខុវិស័យ នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ផ្អែកលើទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»៕