(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានបង្កើតក្រុមការងារតាមដានតាមបណ្ដាញសង្គម Facebook ក្នុងការទទួលព័ត៌មានអំពីករណីអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ដើម្បីពង្រីកលទ្ធភាពរបស់ក្រសួង ក្នុងការជួយសម្របសម្រួល និងជំរុញកិច្ចអន្ដរាគមន៍ ក៏ដូចជាផ្ដល់សេវាជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា។
សេចក្ដីជូនដំណឹងរបស់ក្រសួងកិច្ចការនារី ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងបញ្ជាក់ថា ដើម្បីឲ្យក្រុមការងារតាមដានតាមបណ្ដាញសង្គម Facebook កាន់តែមានលទ្ធភាពទទួលបានព័ត៌មានខាងលើនេះ ក្រុមការងារសំណូមពរដល់ជនរងគ្រោះ និងសាធារណជនសូមចូលរួមផ្ដល់ព័ត៌មានដោយផ្ទាល់ តាមរយៈ Facebook ផ្លូវការរបស់ក្រសួង ឬដល់អាជ្ញាធរមូលដ្ឋាន ឬដល់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត។
ក្រសួងបន្ថែមថា បន្ទាប់ពីទទួលព័ត៌មានទាន់ពេលវេលា និងច្បាស់លាស់ ក្រសួងកិច្ចការនារី នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្ដកិច្ចាហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចក្នុងការឆ្លើយតបនឹងបញ្ហានេះ។
ខាងក្រោមនេះជាលេខទូរស័ព្ទប្រធាន អនុប្រធានមន្ទីរ ភ្នាក់ងារនគរបាលយុត្ដិធម៌ នៅក្រសួងកិច្ចការនារី សម្រាប់ប្រជាពលរដ្ឋរាយការណ៍ពេលមានបញ្ហាកើតឡើង៕