(កំពត)៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលាខេត្តកំពត។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានណែនាំ ដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ តាមដាន រាយការណ៍ និងដោះស្រាយរាល់បទល្មើសទាំងអស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាបទល្មើសដីធ្លី ការវាទទីរំលោភយកដីរដ្ឋជាដើម ដោយមិនត្រូវអនុញ្ញាតឲ្យបញ្ហាបន្តកើតនៅក្នុងបញ្ហា ដោះស្រាយមិនចេញនោះទេ។
លោក ជាវ តាយ ក៏បានផ្តោតអារម្មណ៍លើករណីបញ្ហាដីធ្លី នៅក្នុងក្រុងស្រុកមួយចំនួន ពិសេសបញ្ហានៅក្នុងស្រុកឈូក គឺមន្ត្រីជំនាញពាក់ព័ន្ធបានសន្យាជាមួយពលរដ្ឋថា យ៉ាងយូរ៣ខែកន្លះ អាចដោះស្រាយ រឿងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋបាន ប៉ុន្តែឥឡូវលើសពេលវេលាសន្យា ហើយចេះតែថា មកពីយ៉ាងនោះ ឬយ៉ាងនេះទៀតមិនចេះចប់មិនចេះហើយ។
លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា លោកពិតជាមិនយល់ចំពោះការអនុវត្តភារកិច្ច តួនាទីនៅក្នុងដែនសមត្ថកិច្ចរបស់មន្ត្រីជំនាញ មន្ទីរ អង្គភាព មួយចំនួនតាមក្រុង ស្រុកទាំង៨ របស់ខេត្តឡើយ ពេលមានបញ្ហាម្តងៗ តែងតែរុញទម្លាក់ឲ្យរដ្ឋបាលខេត្ត ជាអ្នកជួយអន្តរាគមន៍ និងដោះស្រាយ សូម្បីបញ្ហានោះ ក្រុង ស្រុក និងមន្ត្រីជំនាញតាមមន្ទីរ អង្គភាព អាចដោះស្រាយបានក៏ដោយ។ ដូច្នេះរូបលោក ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តទទូចស្នើឲ្យមន្ទីរ ស្ថាប័ន មានការពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ ក្រុង ស្រុកទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ នូវអ្វីដែលបទល្មើល មិនថាការទន្ទ្រានយកដីរដ្ឋ ការសាងសង់លើដីចំណីព្រែក ឬដីគម្រប់ព្រៃឈើជាដើម។
រីឯបញ្ហាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ផ្សេងៗនៅតាមក្រុង ស្រុក សូមបង្កើតគំនិត្យ ដែលមានលក្ខណៈសមស្របតាមនីតិវិធីច្បាប់ ហើយចាត់វិធានការអនុវត្តតែម្តងទៅ កុំរង់ចាំរដ្ឋបាលខេត្តអន្តរាគមន៍ ឬដោះស្រាយ ព្រោះរដ្ឋបាលខេត្ត មិនអនុញ្ញាតឲ្យបទល្មើសកើតនៅក្នុងបទល្មើស ក្លាយជាជំងឺមហារីក ដោះស្រាយមិនចេះចប់ ព្យាបាលមិនជានោះទេ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំផ្ញើជំរុញដល់បណ្ដា អាជ្ញាធរ ក្រុង ស្រុក និងមន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត បន្តការយកចិត្តទុកដាក់សហការគ្នាឲ្យបានកាន់តែខ្លាំង ក្លាថែមទៀត សំដៅបង្កើនល្បឿនក្នុងកិច្ចអភិវឌ្ឍន៍ ដើម្បីបម្រើប្រយោជន៍ និងបង្កើនជីវភាពប្រជាពលរដ្ឋអោយបានកាន់តែប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ ទាំងផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច៕