(ភ្នំពេញ)៖ លោក គង់ គាំ អតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី និងជាអតីតប្រធានគណបក្ស សម រង្ស៉ី បានច្រានចោទនូវការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៉ី ដែលថា មានតែលោកមួយរូបប៉ុណ្ណោះដែលទទួលស្គាល់ សាលដីការរបស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ នេះបើតាមកិច្ចសម្ភាសន៍ជាមួយលោក គង់ គាំ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។
លោក គង់ គាំ បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ឲ្យដឹងថា ក្រោយពេលតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានអ្នកប្រឆាំងនឹងសាលដីកា និងអ្នកគោរពតាមសាលដីកា។ អ្នកប្រឆាំងសាលដីកា គឺជាអ្នកដែលធ្វើកម្មភាពតវ៉ា អំឡុងពេលច្បាប់បិទផ្លូវតវ៉ា ចំណែកអ្នកដែលគោរពអនុវត្តតាមសាលដីកា គឺជាអ្នកនៅស្ងៀម មិនមានសកម្មភាពនយោបាយ។
លោក គង់ គាំ បានបញ្ជាក់ថា៖ «ប្រាកដហើយ មានអ្នកល្មើសសាលដីកា ហើយក៏មានអ្នកគោរព សាលដីកា នៅស្ងៀម»។ លោកបានបន្តថា «ពិតមែនតែគេនៅស្ងៀម ប៉ុន្តែប្រជាពលរដ្ឋដែលបានចេញ ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជាម្ចាស់ប្រទេស»។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក សម រង្ស៉ី បានចេញសារអំពាវនាវម្តងទៀត ដើម្បីរារាំងដល់អតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ មិនឱ្យទទួលយកសិទ្ធិធ្វើនយោបាយ នៅពេលដែលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។
លោក សម រង្ស៉ី បាននិយាយថា ជនណាដែលទទួលសិទ្ធិធ្វើនយោបាយក្រោមវិសោធនកម្មច្បាប់នេះ គឺជាអ្នកដែលទទួលស្គាល់នូវការសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយអតីតគណបក្សសង្រ្គោះជាតិ និងទទួលស្គាល់ចំពោះការចោទប្រកាន់លើ លោក កឹម សុខា។ លោក គង់ គាំ បានឆ្លើយតបទៅកាន់ លោក សម រង្ស៉ី វិញថា លោកគឺជាអ្នកគោរពច្បាប់ «ប្រទេសណាក៏ដោយ ត្រូវដឹកនាំដោយច្បាប់ ហើយខ្ញុំគោរពច្បាប់»៕
សូមស្តាប់កិច្ចសម្ភាសន៍ជាមួយលោក គង់ គាំ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩៖