(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសហគ្រិនទីក្រុងស៊ិនចិន (Shenzhen) ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Rong) ប្រធានក្រុមហ៊ុន Peng He អន្ដរជាតិ និងជាអនុប្រធានសមាគមសហគ្រិននៃទីក្រុងស៊ិនចិន។
គណៈប្រតិភូសមាគមសហគ្រិនទីក្រុង Shenzhen មានសមាជិកសរុបចំនួន៧២នាក់ មកពីក្រុមហ៊ុនវិនិយោគលើវិស័យអចលទ្រព្យ គ្រឿងសង្ហារឹម សណ្ឋាគារ វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា អគ្គិសនី និងបរិក្ខារពេទ្យ។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលា និងធនធានរបស់គណៈប្រតិភូសមាគមសហគ្រិនទីក្រុង Shenzhen ដើម្បីធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ដ្រីប្រតិភូបានជម្រាបជូន គណៈប្រតិភូពីភាពអំណោយផល នៃបរិយាកាសវិនិយោគកម្ពុជា ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧.២៥ %ក្នុងមួយឆ្នាំ ដូចអ្វីដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ក្នុងឆ្នាំ២០១៨កន្លងមក។ កំណើននេះនឹងបន្ដក្នុងឆ្នាំ២០១៩ ហើយបានធ្វើឱ្យកម្ពុជាក្លាយជាទិសដៅ នៃការវិនិយោគដោយផ្ដល់ទំនុកចិត្ដ ដល់អ្នកវិនិយោគបរទេសឱ្យបណ្តាក់ទុនលើគ្រប់វិស័យ។
លោក សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ដរបស់អ្នកវិនិយោគ គណៈប្រតិភូសមាគមសហគ្រិនទីក្រុង Shenzhen ដែលបានជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រីប្រតិភូក៏បានសម្តែងនូវការស្ញប់ស្ញែង និងកោតសរសើរដល់ការរីកចម្រើន យ៉ាងឆាប់រហ័សនៃទីក្រុងស៊ិនចិន ដែលបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេបំផុត នៅប្រទេសចិនកាលពីឆ្នាំ១៩៧៨ និងបានប្រែក្លាយពីភូមិនេសាទដ៏តូចមួយ ទៅជារោងចក្រនៃពិភពលោក។
គួររម្លឹកដែរថា តាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ទំហំសេដ្ឋកិច្ចទីក្រុងស៊ិនចិន បានរីកធំជាងទីក្រុងហុងកុង កាលពីឆ្នាំ២០១៧ កន្លងទៅ។
លោក វ៉ាង យ៉ុង តំណាងឱ្យគណៈប្រតិភូសមាគមសហគ្រិនទីក្រុង Shenzhen បានសម្តែងនូវអំណរគុណ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក វ៉ាង យ៉ុង បានសន្យានឹងខិតខំធ្វើការទាក់ទាញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគស៊ិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណាងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ៕