(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបានបញ្ចប់សង្គ្រាម មានភាពសុខសប្បាយ ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋ ខ្មែរ មាននិស្ស័យបានរស់នៅជួបជុំគ្នា រស់នៅក្នុងសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ហើយបានចែករំលែកនៅក្នុងការកសាងសមិទ្ធផលនានា។ បើមានសង្គ្រាមយើង ក៏មិនអាចចែករំលែកកសាងសមិទ្ធផល ដូចសព្វថ្ងៃនេះដែរ។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្តដំណាក់រាជា ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល២៥ឆ្នាំហើយ។ នៅក្នុងរយៈពេល២៥ឆ្នាំនេះ ស្រុកទ្រាំងនៅក្នុងខេត្តតាកែវ មានការអភិវឌ្ឍខុសប្លែកពី២៥ឆ្នាំមុន ដែលកាលជំនាន់នោះ មិនទាន់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ដូចជា វិស័យអប់រំ សាសនា និងវិស័យផ្សេងៗទៀត។ នៅក្នុងរយៈពេលជាង២០ឆ្នាំនេះ កំណើនប្រជាជន និងតម្រូវការមានការកើនឡើង។ ដូច្នេះយើងត្រូវ រួមគ្នាធ្វើ រួមគ្នាកសាងសម្រាប់តម្រូវការប្រជាពលរដ្ឋ និងកូនចៅយើងជំនាន់ក្រោយ និងយើងដើរទៅមុខជានិច្ច។
លោកថា ប្រទេសយើងមិនមែនដូចប្រទេស មហាអំណាចដែលមានថវិកាគ្រប់គ្រាន់ទម្លាក់ មកកសាងសមិទ្ធផលនោះទេ គឺមានការដឹកនាំ និងការចូលរួមពីប្រជាពលរដ្ឋ។ ជាក់ស្តែង សមិទ្ធផលដែលយើងបានកសាង បានប៉ុណ្ណេះ គឺកើតឡើងពីការខិតខំពីព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជាច្រើន ទាំងក្នុងនិងក្រៅប្រទេសជាច្រើនទៀត ដែលបានរួមគ្នាកសាង សមិទ្ធផល។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យើងទាំងអស់គ្នាសុទ្ធតែអ្នកមានសំណាង មានបុណ្យហើយ ដែលមានជីវិតរស់នៅមកដល់សព្វថ្ងៃនេះ ព្រោះប្រទេសយើងមានសង្គ្រាម លំបាកវេទនា ប្រជាពលរដ្ឋរត់ចោលស្រុក កាលពីអតីតកាល។ ប្រទេសយើងបានបញ្ចប់សង្គ្រាម មានភាពសុខសប្បាយ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មាននិស្ស័យបានរស់នៅជួបជុំគ្នា រស់នៅក្នុងសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយបានចែករំលែកនៅក្នុងការកសាងសមិទ្ធផលនានា។ បើមានសង្គ្រាមយើង ក៏មិនអាចចែករំលែកកសាងសមិទ្ធផលដូចសព្វថ្ងៃនេះដែរ។
ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា វិស័យសាសនាដើរតួសំខាន់ណាស់ បើសិនជាតិមួយគ្មានសាសនា យើងរលំរលាយហើយមិនខុសពីជំនាន់ ប៉ុល ពតនោះទេ ដែលបង្រៀនមនុស្សមិនឲ្យទុកចិត្តគ្នា កាប់សម្លាប់គ្នា មិនស្គាល់បុណ្យបាប។ ដូច្នេះ បើអត់សាសនា យើងលំបាកហើយ យុវជនជំនាន់ក្រោយ បើអត់បង្រៀនសីលធម៌ អត់បង្រៀនឲ្យស្គាល់បុណ្យបាប ចេះតែទំនើបទៅ ហើយភ្លេចអស់នូវអ្វីដែលជាសីលធម៌។ ដូច្នេះការអប់រំសីលធម៌នៅក្នុងទីវត្តអារាម នៅសាលារៀន និងនៅផ្ទះគឺមានសារៈសំខាន់ណាស់។
ក្នុងឱកាសនោះ លោកក៏សូមអរគុណចំពោះស្មារតីរួមគ្នា ជួយគ្នាផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសូមបង្កើនការខិតខំប្រឹងប្រែងជួយដោះស្រាយការងារ និងបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋជាបន្តទៀត។ នេះគឺជាស្មារតីដែលសម្តេចជោ ហ៊ុន សែន បានណែនាំនៅក្នុងការដឹកនាំប្រទេស ប៉ុន្តែសម្តេចតេជោ ម្នាក់ឯង មិនអាចរែកពន់បានទេ គឺពឹងលើមន្ត្រី ពឹងលើអាជ្ញាធរ ពឹងទៅដល់ការចូលរួមរបស់ប្រជាពលរដ្ឋ។ អញ្ចឹងបានប្រទេសយើងខ្លាំង ដែលមកដល់ម៉ោងនេះ យើងបានដើរជិតទាន់ប្រទេសមួយចំនួន និងបានឈ្នះ និងដើរលើសគេលើផ្នែកមួយចំនួនរួចទៅហើយ។ ប៉ុន្តែយើងនៅរួមគ្នា និងដើរទៅមុខ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋជឿចុះ គឺសម្តេចតេជោ មានស្មារតី ដឹកនាំប្រទេសយកប្រជាពលរដ្ឋជាធំ។ សូមថ្លែងអំណរ គុណប្រជាពលរដ្ឋនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដែលជានិច្ចកាល គាំទ្រសម្តេចតេជោ គាំទ្រគណបក្សប្រជាជន ជូនសម្តេចតេជោ មានឱកាសដឹកនាំប្រទេសជាបន្តទៀត។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺផ្តល់ឱកាសសម្តេចតេជោ មន្ត្រីគណបក្ស ប្រជាជនទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំធ្វើការបន្តទៀតដើម្បីបម្រើប្រជាពលរដ្ឋ ធ្វើឱ្យប្រជាជនមានជីវភាពមានបាន មានភាពសម្បូរសប្បាយ និងកសាងសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋ។
លោកបន្ដថា អាយុកាលរបស់សម្តេចតេជោមានការប្រែប្រួល ប្រទេសជាតិ ក៏មានការប្រែប្រួលពីខ្មៅងងឹតមកភ្លឺស្វាង ប៉ុន្តែទឹកចិត្តរបស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋមិនប្រែប្រួលនោះទេ គឺនៅជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រោះលោកបានខិតខំតស៊ូរំដោះប្រទេស ទម្រាំបានទទួលបានសុខសន្តិភាពមកដល់ពេលនេះ ហើយលោកនៅតែខិតខំធ្វើ ខិតខំកសាង និងអភិវឌ្ឍប្រទេសបន្តទៀត៕