(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធីទទួលស្វាគមន៍និស្សិត១៥នាក់ ដែលជាជ័យលាភី អាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី២ បន្ទាប់ពីបេក្ខជន​និងបេក្ខនារីទាំងអស់ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនិសិ្សត​ដែលមានសមត្ថភាពខ្ពស់រាប់រយនាក់ផ្សេងទៀត។

និស្សិតអាហារូបករណ៍ ជីប ម៉ុង ម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០០០ដុល្លារ ក្នុងរយៈពេល៤ឆ្នាំ នៃការសិក្សាថ្នាក់ឧត្តមសិក្សារបស់ពួកគេ។​ អាហារូបករណ៍ ជីប ម៉ុង ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា ទទួលបានការអប់រំ ដែលមានគុណភាពខ្ពស់ ដើម្បីឈានទៅកាន់ការចាប់យកវិជ្ជាជីវៈក្នុងក្តីស្រមៃរបស់ពួកគេ។

ក្រុមហ៊ុន ជីប ម៉ុង បានប្តេជ្ញាចូលរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គមរីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន​ក្នុងគោលដៅត្រៀមខ្លួនយុវជនកម្ពុជា ឱ្យមានសមត្ថភាព និងចំណេះដឹង ដើម្បីបម្រើប្រទេសជាតិ៕