(ភ្នំពេញ)៖ សហជីពធំៗ​ចំនួន១៤ ​ដែលតំណាងកម្មកររាប់ម៉ឺននាក់ ​បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹង ប្រកាសលេខ៤៤៣របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការ​ទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ។

លិខិតរបស់សហជីពធំទាំងអស់នោះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤​ ខែមករា ឆ្នាំ២០១៩នេះ មានខ្លឹមសារដូចខាងក្រោម ៖

យើងខ្ញុំទាំងអស់គ្នា ​សូមសម្ដែងការខកចិត្ត និងប្រកាសមិនគាំទ្រជាដាច់ខាតចំពោះការញុះញង់ និងរៀបផែនការបង្កឲ្យមានការធ្វើបាតុកម្មបិទផ្លូវ ដែលកើតមានឡើងនៅមហាវិថីមុនីរ៉េត ផ្លូវលេខ២១៧ និងផ្លូវជាតិលេខ២។

សហជីពទាំងអស់នោះ សូមបដិសេធដាច់អហង្កា និងប្រឆាំងដាច់ខាតនូវទង្វើអុចអាលរបស់ក្រុមជនឆ្លៀតឱកាស ដែលនៅពីក្រោយរឿងធ្វើកូដកម្ម និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ប្រកាសលេខ៤៤៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាល។

សូមជម្រាបថា សហជីពធំៗទាំង១៤នោះ រួមមាន ១៖ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU), ២៖សហភាពពលកម្មជាតិកម្ពុជា (NLC), ៣៖សម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា (CAFTU), ៤៖សហភាពសហជីពសេរីភាពយុវជនកម្ពុជា (CYFC), ៥៖សហភាពសហជីពស្មារតីយុវជនដើម្បីការងារកម្ពុជា, ៦៖សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ដែលមានសហព័ន្ធចំនួន១៦ តំណាងកម្មករនិយោជិតជាង៣០ម៉ឺននាក់, ៧៖សហភាពសហជីពការងារកម្មករដើម្បីអភិវឌ្ឍន៍។

៨៖សហភាពឯករាជ្យការពារកម្មករនិយោជិត (LCWP), ៩៖សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU), ១០៖សម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា (CNC), ១១៖សភាសហជីពកម្ពុជា (CUC), ១២៖សហភាពរក្សាសិទ្ធិកម្មករកម្ពុជា (CCWU), ១៣៖សហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) និង១៤៖សហភាពសហជីពជាតិខ្មែរ (KCNU)។

សូមអានសេចក្តីថ្លែងការណ៍របស់សហជីពទាំង១៤ខាងក្រោមនេះ៖