(ភ្នំពេញ)៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជាស្ទែម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលឈានមុខគេនៅកម្ពុជានេះ បានឧបត្ថម្ភគាំទ្រសិក្ខាសាលា ការអប់រំមុខវិជ្ជាស្ទែម ជាបន្តបន្ទាប់នៅខេត្តបាត់ដំបង សៀមរាប និង កំពង់ចាម។
គម្រោងទូទាំងប្រទេសនេះ បានផ្សព្វផ្សាយទៅដល់សិស្សនិងលោកគ្រូ-អ្នកគ្រូជាង ២០ ម៉ឺននាក់ និងត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ។
នាយក-នាយិកា លោកគ្រូ-អ្នកគ្រូ និងមន្រ្តីនាយកដ្ឋានជាង ៦០០នាក់ បានមកចូលរួមក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ដោយពួកគាត់បានចូលរួមសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងរបៀបដោះស្រាយចំណោទបញ្ហា និងចែករំលែកចំណេះដឹងអំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាមុខវិជ្ជា ស្ទែម។
លោក David Nutman នាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានពន្យល់ថាក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់ការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា។
លោក Nutman បានថ្លែងថា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជា ជាចំនុចស្នូលនៃទស្សនអាជីវកម្មរបស់ ព្រូដិនសលកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១៣មក យើងបានផ្តួចផ្តើមឱ្យមានកម្មវិធីអភិវឌ្ឍន៍សង្គមជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ ដូចជាកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ កម្មវិធីសុវត្ថិភាពចរាចរផ្លូវគោក កម្មវិធីអប់រំ និងកម្មវិធីសង្គ្រោះបឋម»។
លោកបានបន្ថែមទៀតថា ការបង្រៀនឱ្យស៊ីជម្រៅអំពីមុខវិជ្ជាស្ទែម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលអនាគតដ៏វែងឆ្ងាយទៅថ្ងៃមុខ ហើយគំនិតផ្តួចផ្តើមមុខវិជ្ជាស្ទែមរបស់យើង កំពុងជួយយុវជនកម្ពុជាឱ្យទទួលបានចំណេះជំនាញសំខាន់ៗដែលពួកគាត់ត្រូវការ។
ថ្លែងនៅសិក្ខាសាលាខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ចាន់ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃក្រសួងអប់រំ យុវជន និង កីឡា បានកត់សម្គាល់ថាការផ្តល់អាទិភាពដល់ការអប់រំមុខវិជ្ជាស្ទែម មានសារៈសំខាន់ណាស់ចំពោះការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ។
លោកថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឱ្យការអប់រំមុខវិជ្ជាស្ទែម ជាអាទិភាពនៅក្នុងកំណែទម្រង់របស់យើង ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ក្នុងឆ្នាំ ២០៣០ ។ ដើម្បីសម្រេចបានគោលនយោបាយ ហើយប្រជាពលរដ្ឋរបស់យើងត្រូវការជំនាញខាងផលិតកម្ម មិនត្រឹមតែជំនាញប្រើប្រាស់ប៉ុណ្ណោះទេ។ ការអប់រំមុខវិជ្ជាស្ទែម ជួយកម្ពុជាឱ្យក្លាយជាប្រទេសផលិត។
លោកស្រី តាន់ ផល្លី នាយិការងសាលាបឋមសិស្សាគង់មុត ដែលបានចូលរួមក្នុងសិក្ខាសាលានៅខេត្តសៀមរាបបានរៀបរាប់អំពីសារៈសំខាន់នៃការគាំទ្រដល់គ្រូបង្រៀនមុខវិជ្ជាស្ទែម។
លោកស្រីថ្លែងថា សិក្ខាសាលាថ្ងៃនេះ ពិតជាជួយដល់នាយក-នាយិកា និងលោកគ្រូ-អ្នកគ្រូ ឲ្យយល់ដឹងពីសារៈសំខាន់នៃការអប់រំមុខវិជ្ជាស្ទែម ព្រោះវាផ្ដោតទៅលើការងារជាក្រុម គំនិតច្នៃប្រឌិត ការបង្កើតថ្មីៗ និងវាអនុញ្ញាតឲ្យពូកគាត់ចេះវិភាគ ៕