(ភ្នំពេញ)៖ វិទ្យាស្ថានស្តារគំហើញប្រាយអ៊ិន ហូលឌិន (Brien Holden Vision Institute Foundation) នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើសកម្មភាពចុះពិនិត្យភ្នែក និងវាស់វ៉ែនតា ជូនសិស្សានុសិស្សនៃ វិទ្យាល័យវត្តកោះ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា។

សកម្មភាពចុះពិនិត្យភ្នែក និងវាស់វ៉ែនតា ជូនសិស្សានុសិស្សនៃ វិទ្យាល័យវត្តកោះនេះ ក៏មានការចូលរួមពី លោកសាស្ត្រាចារ្យចក្ខុបណ្ឌិត ដោរ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក, លោក គង់ នាត នាយកប្រចាំប្រទេស វិទ្យាស្ថានស្តារគំហើញប្រាយអ៊ិនហូលឌិន និងលោក-លោកស្រី មន្រ្តី តំណាង មន្ទីរអប់រំរាជធានី លោកនាយក លោកគ្រូ-អ្នកគ្រូជាច្រើននាក់ផងដែរ។

សកម្មភាព ពិនិត្យភ្នែកជូនសិស្សានុសិស្សនាពេលនេះ (School Screening) ត្រូវបានធ្វើឡើង ដោយក្រុមអ្នកបច្ចេកទេស ជាចក្ខុមាត្រការី (លោកចក្ខុមាត្រការី ជា សីលា និងលោកស្រីចក្ខុមាត្រការី ឌាន ម៉ាលីស) និងសហការី របស់វិទ្យាស្ថានស្តារគំហើញប្រាយអ៊ិនហូលឌិន និងដោយមានការសហការគាំទ្រយ៉ាងពេញទំហឹង ពីក្រសួងអប់រំ យុវជន និងកីឡា, នាយកដ្ឋាន មន្ទីរអប់រំ សាម៉ីសាលា និងកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ក្រោមជំនួយឧបត្ថម្ភថវិកាពី LIONS CLUBS INTERNATIONAL FOUNDATION ។

គួររំឭកថា វិទ្យាស្ថានស្ថារគំហើញប្រាយអ៊ិនហូលឌិន បានចាប់អនុវត្តន៍កម្មវិធី ពិនិត្យភ្នែកសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ តាមសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាមួយចំនួន នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១០ រហូតមក ដោយបានបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងមន្រ្តីនាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ អំពីការយកគំហើញបឋម ការផ្សព្វផ្សាយសារសុខភាពភ្នែក និងបានពិនិត្យភ្នែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ៥៥,៥៦៨នាក់ (២០១០-២០១៨) ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោក គង់ នាត បានថ្លែងថា គោលបំណង នៃកម្មវិធីពិនិត្យភ្នែកកុមារតាមសាលារៀននេះ មាន៣គឺ៖ ១៖ រកឲ្យឃើញ កុមារដែលមានបញ្ហាកំហុសកំណុំរូបភាព (ភ្នែកមីញ៉ូប) បញ្ហាកំសោយគំហើញ ដើម្បីកែតម្រូវបានត្រឹមត្រូវនិងទាន់ពេល, ២៖ ផ្សព្វផ្សាយជាសាធារណៈអំពីផលប្រយោជន៍ នៃការពិនិត្យភ្នែក និង៣៖ បញ្ជូនទៅកាន់សេវាថែទាំភ្នែកផ្សេងៗទៀត ដែលសមស្របប្រសិនបើមាន។

លោកបន្ថែមថា កម្មវិធីនេះ ក៏ត្រូវបានធ្វើឡើងដើម្បី ឆ្លើយតបទៅនិងបញ្ហាភាពពិការភ្នែក ដែលបណ្តាលមកពី កំហុសកំណុំរូបភាព និងគាំទ្រផែនការយុទ្ធសាស្រ្តជាតិសម្រាប់ គ្រប់គ្រងនិងបង្ការភាពពិការភ្នែក ២០១៦-២០២០ របស់ក្រសួងសុខាភិបាល និងរួមចំណែកឆ្លើយតប គោលនយោបាយសុខភាពសិក្សា របស់ក្រសួងអប់រំផងដែរ។ លោកសូមអំពាវនាវ ដល់ ឪពុក ម្តាយ អ្នកអាណាព្យាបាល ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ចូលរួមអន្តរាគមន៍ ចំពោះសុខភាពភ្នែកទាំងអស់គ្នា ពិសេសសុខភាពភ្នែកកុមារ។

លោកស្រី គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ LIONS CLUBS INTERNATIONAL FOUNDATION និងវិទ្យាស្ថានស្ថារគំហើញ ប្រាយអ៊ិនហូលឌិន កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ដែលសហការគ្នា ក្នុងការជួយសង្គ្រោះដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូដែលមានបញ្ហាសុខភាពភ្នែក ហើយសូមឲ្យ បន្តកិច្ចសហការជាមួយ ស្ថាប័នដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយសង្គ្រោះដល់សិស្ស ដែលមានបញ្ហាភ្នែក។

លោកស្រី ក៏បានផ្ញើសារ ផ្តាំផ្ញើដល់សិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឲ្យបានក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ នឹងជាទំពាំស្នងឫស្សីដ៏រឹងមាំ សម្រាប់សង្គមជាតិយើងទាំងមូល។ លើសពីនេះ ត្រូវយកពេលវេលា គិតពីបញ្ហាសុខភាពខ្លួនផង ជាពិសេសបញ្ហាសុខភាពភ្នែក ព្រោះបើយើងបាត់បង់គំហើញ ឬមើលមិនឃើញនោះ ដូច្នេះអ្វីគ្រប់យ៉ាងនឹងបាត់បង់មិនខានឡើយ។

លោកសាស្រ្តាចារ្យ ដោរ សីហា យល់ឃើញថា កម្មវិធីពិនិត្យភ្នែកសិស្ស តាមសាលារៀននេះ មានសារៈសំខាន់ណាស់ ដែលអាចស្រាវជ្រាវរកឃើញកុមារ មានភ្នែកមីញ៉ូប (បញ្ហាកំហុសកំណុំរូបភាព) ដែលសូម្បីតែកុមារផ្ទាល់ មានអាយុដល់ទៅ១៥ ឬ១៦ឆ្នាំ (រឺរៀនដល់ថ្នាក់ទី៩ ឬទី១០) ទៅហើយ មិនដឹងថាខ្លួនឯងមានមីញ៉ូបផង។ នេះបើតាមការពិនិត្យផ្ទាល់នៅថ្ងៃនេះ។

លោកបន្ថែមថា ក្នុងនាមកម្មវិធីជាតិ សូមគាំទ្រសកម្មភាពពិនិត្យភ្នែកកុមារ និងគម្រោងស្រាវជ្រាវ តាមសាលារៀននេះ និងលើកទឹកចិត្តឲ្យយកលទ្ធផលពីការងារនេះ ជាឧបករណ៍ក្នុងការ ពង្រីកការផ្សព្វផ្សាយ យល់ដឹងសុខភាពភ្នែក ការធ្វើផែនការសុខភាពភ្នែក និងការដាក់យុទ្ធសាស្រ្តសុខភាពភ្នែក បន្តបន្ទាប់ទៀត៕