(ចិន)៖ សេដ្ឋកិច្ចចិន នឹងមានកំណើនប្រហែល៦.៤ភាគរយ ក្នុងឆ្នាំ២០១៩នេះ ពោលគឺទាបជាង០.១ភាគរយ បើធៀបនឹងកំណើននាឆ្នាំ២០១៨ ដែលមានចំនួន៦.៥ភាគរយ។ នេះបើយោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសៀងហៃ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
របាយការណ៍នេះ បានឈានដល់សេចក្ដីសន្និដ្ឋានបែបនេះ ដោយផ្អែកលើសូចនាករសេដ្ឋកិច្ចចំនួន៣ ពោលគឺ វិស័យវិនិយោគ វិស័យប្រើប្រាស់ និងវិស័យពាណិជ្ជកម្ម ដែលសុទ្ធតែមានកំណើនតិចតួច កាលពីឆ្នាំ២០១៨កន្លងទៅ។
លោក ធាន គ័រឈាំង គឺជាសាស្ត្រចារ្យមកពីមហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យនេះ បាននិយាយថា តួលេខនៃកំណើនដែលទាបជាងឆ្នាំមុននេះ ក៏បណ្ដាលមកពីការដែលរដ្ឋាភិបាលចិន ផ្ដល់ជំនួយគាំទ្រដល់វិស័យឯកជន និង ការលុបចេញនូវក្រុមហ៊ុនខ្មោចផងដែរ។
លោក ធាន គ័រឈាំង សាស្ត្រាចារ្យមហាវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសៀងហៃ បានឲ្យដឹងថា ដូចដែលសន្និបាតការងារសេដ្ឋកិច្ចមជ្ឈឹម បានចង្អុលបង្ហាញរួចហើយថា សេដ្ឋកិច្ចចិន ត្រូវការរក្សាឲ្យបាននូវសន្ទុះកំណើន ព្រមទាំងទប់ស្កាត់ហានិភ័យផងដែរ។
លោកបាននិយាយថា «ខ្ញុំយល់ឃើញថា ធនាគារកណ្ដាល នឹងតម្រូវឲ្យធនាគារឯកជន តម្កល់ប្រាក់កាន់តែតិចជាងមុនទៀត នៅឆ្នាំក្រោយនេះ ដើម្បីឲ្យមានថវិកាកាន់តែច្រើន វិលនៅក្នុងសេដ្ឋកិច្ច។ ប៉ុន្តែទង្វើនេះ ក៏នឹងមិនជះឥទ្ធិពល អ្វីជាដុំកំផួនដល់កំណើនសេដ្ឋកិច្ចជាតិដែរ»។
លោក ធាន គ័រឈាំង បានបន្ដថា «ដូច្នេះបើនិយាយជារួមទៅ សម្រាប់ពេលអនាគតកម្រិតមធ្យម និងកម្រិតវែងឆ្ងាយ យើងមានគោលដៅចង់ឲ្យទីផ្សារ ធ្វើជាអ្នកនាំមុខគេ ក្នុងការសម្រេចចិត្តថា ត្រូវរៀបចំធនធានដោយរបៀបណា និងត្រូវដោះស្រាយបញ្ហាចាត់ចែង ថវិកាដោយវិធីណា ឲ្យមានប្រសិទ្ធភាពខ្ពស់»។
កាលពីឆ្នាំ២០១៨ ធនាគារកណ្ដាលចិន បានកាត់បន្ថយចំនួនប្រាក់តម្កល់របស់ធនាគារឯកជន ចំនួន៤លើករួចទៅហើយ ដែលបានធ្វើឲ្យថវិកាជាង២៩១ពាន់លានដុល្លារអាមេរិក អាចហូរចូលទៅក្នុងលំហូរសេដ្ឋកិច្ចជាតិ។
ហើយកាលពីសប្តាហ៍មុន ធនាគារកណ្ដាលចិន បានបង្កើតគ្រឹះស្ថានថ្មីមួយ សម្រាប់ផ្ដល់ប្រាក់កម្ចីដល់ធនាគារ ក្នុងអត្រាការប្រាក់ដែលកាន់តែទាបជាងមុន ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនឯកជន។ ប៉ុន្តែវិធានការនេះ ប្រហែលជាមិនជួយអ្វីច្រើនដល់វិស័យឯកជននោះទេ។ នេះបើយោងតាមអ្នកជំនាញផ្នែកធនាគារម្នាក់។
លោក ចូវ ភីងជួរ អ្នកស្រាវជ្រាវ ធនាគារកណ្ដាលចិន បានលើកឡើងថា «យើងគួរតែប្រើប្រាក់កម្ចីនេះ ឲ្យបានល្អជាងមុន ដើម្បីឲ្យយើងអាចបង្កើនប្រសិទ្ធភាព និងសមត្ថភាពនៃការបង្កើតអ្វីមួយដែលថ្មី ក៏ដូចជាការផ្ដល់សេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែល្អ ជូនដល់ក្រុមហ៊ុនសំខាន់ៗផងដែរ»៕