(ចិន)៖ ការប្រកួតប្រណាំងដ្រូន កំពុងមានប្រជាប្រិយភាពកាន់តែច្រើន នៅទូទាំងពិភពលោក ហើយកាលពីពេលថ្មីៗនេះ ក្រុងណានជីង របស់ប្រទេសចិន បានរៀបចំការប្រកួតលំដាប់អន្តរជាតិមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្ស ឲ្យបានកាន់តែច្រើននាក់។
ដ្រូនប្រណាំងទាំងនេះ មានបំពាក់កាមេរ៉ានៅពីលើ ហើយកីឡាករដែលជាអ្នកបញ្ជា ត្រូវពាក់វ៉ែនតា VR ដើម្បីមើលថាវាហោះទៅដល់ណាហើយ។ ដោយហោះក្នុងល្បឿនជាង១៨០គីឡូម៉ែត ក្នុង១ម៉ោង ការប្រកួតនេះ គឺជាឱកាសសម្រាប់ឲ្យកីឡាករ ដែលស្នេហាវិស័យបច្ចេកវិទ្យា អាចបញ្ចេញសមត្ថភាពរបស់គេ លើការបញ្ជាដ្រូនមហាស្រាល នៅក្នុងទីលានប្រណាំងមួយ ដែលគេបានរៀបចំ។
លោក ចូវ ស៊ាំង កីឡាករប្រណាំងដ្រូនអាជីព បាននិយាយថា «ភាគច្រើនគេនិយាយថា កីឡាករបរទេស ពូកែជាកីឡាករចិន ដោយសារគេមានបទពិសោធន៍ច្រើនជាង ឬដោយសារគេជក់ចិត្ត នឹងកីឡានេះខ្លាំងជាង។ ហើយគេក៏និយាយថា កីឡាករចិន ហាក់ដូចជាហ្មត់ចត់ពេក និង ដាក់សម្ពាធលើខ្លួនឯងខ្លាំងជាងកីឡាករបរទេស»។
ប្រ៊េដ ខូលីស គឺជាកីឡាករមកពីអង់គ្លេស។ គាត់បានប្រណាំងដ្រូនតាំងពីពេលដែលកីឡានេះ បានចាប់ផ្ដើមមានដំបូង កាលពី៤ឆ្នាំមុនមកម្ល៉េះ។
លោក ប្រ៊េដ ខូលីស កីឡាករប្រណាំងដ្រូនជនជាតិអង់គ្លេស បានឲ្យដឹងថា «លើកនេះ គឺជាលើកទីបីហើយ ដែលខ្ញុំមកប្រកួតនៅចិន។ នៅទីនេះ គេសំបូរថវិកាសម្រាប់រៀបចំ កម្មវិធីជាងនៅអង់គ្លេស ហើយការប្រកួត ក៏មានលក្ខណៈផ្លូវការ និងស្ដង់ដារជាងដែរ។ បើនៅអង់គ្លេសឯណោះ ការប្រកួតគឺមានលក្ខណៈតូចតាច ដែលមានមនុស្សតែប៉ុន្មាននាក់ មកប្រណាំងគ្នានៅទីវាល ដែលគ្មានទីតាំងច្បាស់លាស់»។
ជាកីឡាករជើងចាស់ម្នាក់ លោក ជិន ជឹង ធ្លាប់ធ្វើជាអ្នករៀបចំការប្រកួតនេះ។ គាត់យល់ឃើញថា ការប្រកួតប្រណាំងដ្រូននៅប្រទេសចិន នឹងមានអនាគតល្អ។
លោក ជិន ជឹង ស្ថាបនិក កម្មវិធីប្រកួតដ្រូន X-fly បាននិយាយថា «ខ្ញុំយល់ឃើញថា អនាគតនៃការប្រកួតនេះ គឺពិតជាល្អខ្លាំងណាស់។ បើទោះជាសព្វថ្ងៃ កីឡានេះជាប្រភេទកីឡាអ្នកមានក៏ដោយ ក៏យើងឃើញថា វាកំពុងរីកចម្រើនយ៉ាងលឿនមែនទែន»។
លោក ជិន ជឹង បានបន្ថែមទៀតថា «ហើយដូចដែលយើងដឹងហើយថា ប្រទេសចិន គឺជាប្រទេសផលិតដ្រូនច្រើនជាងគេបង្អស់ក្នុងពិភពលោក។ ដូច្នេះប្រហែល៥ទៅ១០ឆ្នាំខាងមុខ ខ្ញុំជឿជាក់ថាកីឡានេះ នឹងក្លាយជាកីឡាដែលគេនិយមលេងទូទៅតែម្ដង»៕