(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៤ ខែមករា ២០១៩នេះ បានចុះត្រួតពិនិត្យផលិតផលទំនិញនាំចូលតាមច្រកព្រំដែន នៅចំណុចច្រកអូររំដួល ស្រុកភ្នំព្រឹក
ដើម្បីត្រួតពិនិត្យផលិតផលទំនិញនាំចូល ជាពិសេសផលិតផលម្ហូបអាហារ និងស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ដែលជាលទ្ធផលបានរកឃើញទំនិញសរុបចំនួន ២៨គីឡូក្រាម។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឲ្យដឹងថា «ដោយមានការណែនាំពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងដើម្បីបំពេញការងារ និងតួនាទីរបស់មន្រ្តីជំនាញយើងជាប្រចាំ សាខាកាំកុងត្រូលខេត្តតែងបានសហការជាមួយមន្រ្តីនៅតាមច្រកព្រំដែននានា ដោយបានចុះអនុវត្តការងារជាប្រចាំផងដែរ»។
លោកបានបន្តថា ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមករានេះ មន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យនៅច្រកអូររំដួល ស្រុកភ្នំព្រឹក ជាលទ្ធផលគឺបានរកឃើញទំនិញខូចគុណភាពដោយដកហូតបានរួមមាន៖ ប្រហិតសាច់គោ, ប្រហិតសាច់ជ្រូក (មានដាក់ បូរ៉ាក់) ស្មើនឹង០៦គីឡូក្រាម, សាច់មាន់ខូចគុណភាព ស្មើនឹង ១២គីឡូក្រាម, មឹកស្រស់ (មានដាក់ ហ្វ័រម៉ាលីន)ស្មើនឹង១០គីឡូក្រាម សរុបចំនួន ២៨គីឡូក្រាមបានយកទៅដុតចោលភ្លាមៗផងដែរ៕