(ភ្នំពេញ)៖ ​រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យលទ្ធផលរបស់ផ្នែកនិមួយៗ និងការទទួលខុសត្រូវរៀងៗខ្លួន លើការងារត្រៀមរៀបចំទិវាបុណ្យ ៧មករា ខួបលើកទី៤០ (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលជាថ្ងៃកំណើតទី២ សំរាប់យើងទាំងអស់គ្នា បានចាកផុតពីរណ្តៅមរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ទិវាបុណ្យ៧មករា ឆ្នាំនេះ ជាខួប៤០ឆ្នាំ គឺមានការរៀបចំអធឹកអធមដោយមានការ ដង្ហែរក្បួនព្យុះហយាត្រា សំរាប់២៥រាជធានី-ខេត្ត។ ដូច្នេះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺជាការងារចាំបាច់ រួមទាំងការរៀបចំឲ្យបានល្អប្រសើរ សក្ត័សមទៅនឹងកិត្តិយស នៃថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា»។

អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ដែលបង្ហាញពីសមត្ថភាព នៃការដឹកនាំរបស់ស្ថាប័ននិមួយៗ ហើយយើងទាំងអស់គ្នាក៏ធ្លាប់ មានពិសោធន៍ប្រកបដោយជោគ ជ័យក្នុងការចូលរួមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីធំៗរួចមកហើយ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា «រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការហាត់សមកំលាំងច្រើនលើក ច្រើនសារ ជាមួយបណ្តាខេត្ត-ក្រុងផ្សេងៗទៀត មុនពិធីផ្លូវការចាប់ផ្តើម។ នៅថ្ងៃទី៥ មករា ស្អែកនេះ នឹងមានការហាត់សមកំលាំងចូលរួមជាលើកចុងក្រោយ ឲ្យដូចពិធីផ្លូវការពិតៗ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានប្រជាពលរដ្ឋ ចូលរូមប្រមាណ៤ម៉ឺននាក់។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពី ការពង្វាងចរាចរនៅ បរិវេណពហុកីឡដ្ឋានជាតិឡាំពិក និងសុំឲ្យមានការផ្អាករាល់ការដ្ឋានសំណង់នានា នៅជុំវិញពហុកីឡដ្ឋានជាតិ និងមិនត្រូវឲ្យមានការហាលខោអាវរញេរញ៉ៃ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ នៅក្បែរទីតាំងប្រារព្វពិធីផងដែរ៕