(ព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារបានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារទ្រា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១៤ ភូមិព្រៃមាស ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះត្រួតពិនិត្យមន្រ្តីជំនាញកាំកុងត្រូល បានធ្វើវិភាគបឋមទៅលើសរសៃគុយទាវ នំបញ្ចុក នំបាញ់ហយ បាញ់កាញ់ ត្រីប្រលាក់ ស្ករត្នោត សណ្តែកបណ្តុះ ជ្រក់មមាញ លតអង្ករ ចាហ៊ួយ ប្រហិតសាច់គោ និងសាច់ក្រក សរុបបាន១២មុខ ១៥គំរូ ដែលលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ (Borax) ក្នុងផលិតផលបាញ់កាញ់ ចំនួន៨.៣គីឡូក្រាម និងលតអង្ករ៤.៧គីឡូក្រាម សរុប១៣គីឡូក្រាម បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំ និងធ្វើកិច្ចសន្យា ផ្តិតមេដៃ ដល់អ្នកធ្វើបាញ់កាញ់លក់ និងអ្នកលក់បង្អែម លតអង្ករ ដើម្បីឲ្យធ្វើការកែប្រែការឡើងវិញ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
លោកប្រធានសាខា បានបញ្ជាក់ទៀតថា ក្រៅពីការវិភាគមន្ត្រីជំនាញក៏បានរកឃើញ ទំនិញខូចគុណភាពហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ដកហូត ទឹកក្រូចចំរុះចំនួន៨ដប ចំណុះ១.៥លីត្រ ស្មើនឹង១២គីឡូក្រាមបន្លែមទៀត សរុបទំនិញខូចគុណភាគដែលមន្ត្រីជំនាញដកហូត បានចំនួន២៥គីឡូក្រាម។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារទ្រា ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ៕