(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពារសន្តិសុខ បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់បំផុតជូនដល់អ្នកចូលរួម ក្នុងថ្ងៃប្រារព្ធខួបទី៤០ នៃទិវាជ័យជម្នះ៧មករា ដោយមិនត្រូវមានភាពចន្លោះប្រហោង​ណាមួយនោះឡើយ។

ក្នុងកិច្ចប្រជុំ​ផែនការការពារមិន្ទិញ៧មករា នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន លើកឡើងថា សម្រាប់ពិធីបុណ្យខួបលើកទី៤០ នៃទិវាថ្ងៃ​៧មករា (១៩៧៩-២០១៩) នឹងប្រព្រឹត្តីនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ នៅស្តាតអូឡាំពិក ដោយមានប្រជាពលរដ្ឋខ្មែរចូលរួមអបអរសារទប្រមាណជាងបីម៉ឺននាក់ ដូច្នេះ​​សមត្ថកិច្ចតត្រូវការពារឲ្យបានដាច់ខាត ដើម្បីធ្វើយ៉ាងឲ្យសន្តិសុខ សណ្តាប់ធ្នាប់ ប្រកបដោយភាពរលួន និងល្អបំផុត។

នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មេបញ្ជាការគ្រប់អង្គភាព និងផ្នែកទាំងអស់ត្រូវធ្វើការណែនាំកូនចៅរបស់ខ្លួន ឲ្យបានល្អបន្ថែមទៀត ក្នុងឱកាសបុណ្យ៧មករានេះ ពីព្រោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ បានចូលរួមអបអរសាទរ។ ដូច្នេះយើងក្នុងនាមជា អ្នកការពារសន្តិសុខ សណ្តាប់ធ្នាប់ត្រូវធ្វើឲ្យបានសមរម្យ​មិនត្រូវនៅឆ្ងាយពេក ឬក៏ជិតពេកចំពោះថ្នាក់ដឹកនាំនោះឡើយ ហើយពិសេសទៅទៀត ត្រូវសម្រួលចរាចរណ៍ឲ្យបានល្អបំផុតជៀសវាងការស្ទះចរាចរណ៍ ដល់ក្បួននីមួយៗជាដើម»

ជាមួយគ្នានោះ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញដល់កម្លាំងទទួលផែនទាំងអស់ ត្រូវបែងចែកឲ្យបានច្បាស់លាស់ ចំពោះរថយន្តថ្នាក់ដឹកនាំ និងរថយន្តប្រជាពលរដ្ឋដែលពួកគាត់ចូលរួមនៅក្នុងថ្ងៃនោះ ដោយមិនត្រូវឲ្យមានការថ្នាំងថ្នាក់អ្វីកើតឡើង ចំពោះពួកគាត់នោះទេ៕