(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានអះអាងថា កងពលតូចលេខ៧០ បានត្រៀមកម្លាំង និងយុទ្ធោបករណ៍ជាច្រើន សម្រាប់ចូលរួមកម្មវិធីផ្សេង ដូចជាកម្មវិធីខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា, ខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក និងសមយុទ្ធនានា ដែលនឹងប្រព្រឹត្តិនៅក្នុងអំឡុងដើមឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តខែមករា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងថា កងកម្លាំងនៃកងពលតូចលេខ៧០ បានធ្វើការហ្វឹកហាត់ជារួចរាល់ហើយ សម្រាប់ត្រៀមឈរជាផែនដើម្បីអបអរសាទរខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលជាកំណើតទីពីររបស់ខ្មែរនោះ។
លោកឧត្តមសេនីយ៍មេបញ្ជាការរូបនេះ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ចូលរួមអបអរសារទខួប២០ឆ្នាំ នៃការបង្កើតអគ្គបញ្ជាការកងទ័ពជើងគោកវិញ បានត្រៀមទាំងកម្លាំងទ័ព និងសព្វាវុធជាច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីនេះ ប្រព្រឹត្តិប្រកបដោយភាពស្វាហាប់បំផុត ខណៈពេលដែលកងយោធពលខេមរភូមិន្ទ កំពុងរីកចម្រើនជាបន្តបន្ទាប់នោះ។
ដោយឡែកសម្រាប់ «សមយុទ្ធនាគមាស» ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងជាមួយភាគីចិនវិញ កងពលតូចលេខ៧០ ក៏បាននិងកំពុងញាប់ដៃញាប់ជើង ក្នុងការរៀបចំកន្លែង និងសម្ភារផ្សេងៗផងដែរ ដែលសមយុទ្ធនាគមាសឆ្នាំ២០១៩នេះ នឹងធ្វើឡើងនៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ នៅក្នុងទីលានហ្វឹកហាត់ជុំគិរី ខេត្តកំពត។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្តថា «សមយុទ្ធនាគមាស ឆ្នាំ២០១៩» រវាងកម្ពុជា និងចិននឹងព្រឹត្តទៅក្រោមរបៀបវរៈសមយុទ្ធរួមគ្នា ដើម្បីប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌ ខណៈសមយុទ្ធនេះនឹងប្រព្រឹត្ត នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែនជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅផងដែរ។
លោកបានបន្តថា សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ពចិននោះ នឹងប្រព្រឹត្តទៅធំជាងមុននិងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត ក្នុងបេសកកម្មការងាររួមគ្នានេះ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ច្បាស់លាស់ថា កម្លាំងយោធានឹងចូលរួមប៉ុន្មាននាក់នោះឡើយ៕