(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធី សំណេះសំណាល និងចែករំលែកបទពិសោធន៍ការសិក្សា របស់សិស្សប៊ែលធី និន្ទេស A ចំនួន៤២រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៨-២០១៩ នេះ ចំនួន១,៤១៥នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធីអន្តរជាតិ មាន២២សាខា ក្នុងនោះ១៩សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា៤១.៤៥១នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ សិស្សប៊ែលធីដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជ្រើសរើសយក ការប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១.០៣៤នាក់ ក្នុងនោះ និទ្ទេស A ៤២នាក់ (និទ្ទេស A លេខ២ ទូទាំងប្រទេស) និទ្ទេស B ១២៥នាក់ និទ្ទេស C ១៦៨នាក់ និទ្ទេស D ២០៤នាក់ និងនិទ្ទេស E ៤៩៦នាក់។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង៤២រូប និងសិស្ស ជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាន ជោគជ័យនាពេលនេះ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាល សិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និង គោរពវិន័យសាលាបានល្អ។ លើសពីនេះទៀត លោកបណ្ឌិត ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នា រយៈពេល ០៤ឆ្នាំចុងក្រោយនេះ៖
១- ឆ្នាំ២០១៨នេះ សិស្ស ប៉េង គីមហេង ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស
២- ឆ្នាំ២០១៧ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស
៣- ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស
៤- ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស
ជាទីបញ្ចប់ លោកបណ្ឌិតអគ្គនាយក និងលោកស្រី បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ៤២រូប ដែលត្រូវទៅបន្តការសិក្សាឯក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ថៃ ចិន ជប៉ុន និងប្រទេសកាណាដា ព្រមទាំង ឧបត្ថម្ភថវិកាសម្រាប់ការ ចំណាយផ្សេងៗក្នុងម្នាក់ៗ ២,០០០ដុល្លារ។ ដោយឡែកសិស្ស និទ្ទេស A លេខ២ ទូទាំងប្រទេស ប៉េង គីមហេង លោកបណ្ឌិត បានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ សម្រាប់ឆ្នាំដំបូង និង៥,០០០ដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក ។ ជាមួយគ្នានេះដែរ លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេសA ក៏ទទួលបានលិខិតសរសើរ និងថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារ ផងដែរ៕