(ព្រះវិហារ)៖ ពាក់ព័ន្ធការហាមឃាត់ទំនិញនាំចូលពីប្រទេសកម្ពុជា ទៅប្រទេសថៃ និងការហាមឃាត់ទំនិញពីប្រទេសថៃ មកកម្ពុជានោះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ វេលាម៉ោង៨៖៣០នាទីព្រឹក ភាគីកម្ពុជាតំណាងដឹកនាំដោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងអភិបាលស្រុកណាមយឿន ប្រទេសថៃ នឹងបើកកិច្ចប្រជុំដោះស្រាយបញ្ហា ដែលកំពុងតែកើតមានឡើង នៅច្រកអានសេះ ខេត្តព្រះវិហារ។
នៅរសៀលថ្ងៃនេះ លោកអភិបាលស្រុកបានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «នៅវេលម៉ោង៨៖៣០នាទីព្រឹកថ្ងៃស្អែក អភិបាលស្រុកណាមយឿន បានអញ្ជើញខ្ញុំ ឲ្យទៅជួបប្រជុំដើម្បី ដោះស្រាយបញ្ហានេះ»។
សូមជម្រាបថា អភិបាលស្រុកជាំក្សាន្ត នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ជំហររឹងមាំថា បើសិនជាសមត្ថកិច្ចថៃ ប្រចាំច្រកតំបន់ អានសេះ នៅតែបន្តហាមមិនឱ្យអាជីវករខ្មែរ នាំយកមុខទំនិញចំនួន២៣ប្រភេទ ចូលទៅលក់ក្នុងផ្សារថៃទៀតនោះ ខាងភាគីកម្ពុជាក៏ដាច់ខាតហាមឃាត់ទំនិញជាច្រើនមុខរបស់ថៃ ចូលមកកម្ពុជាផងដែរ។
លោក ជា គឹមសេង បានឱ្យដឹងយ៉ាងដូចនេះថា ដើម្បីជាការឆ្លើយតបចំពោះភាគីថៃ ដែលមិនឱ្យកម្ពុជានាំចូលនូវទំនិញ២៣មុខ រួមមាន៖ ល្ពៅ ខ្ទឹមសរ ខ្ទឹមក្រហម ជ្រុញ អង្រែ ត្បាល់ ចន្លុស និងផ្សេងៗទៀតនោះចូលទៅលក់នៅទឹកដីរបស់ខ្លួន។ លោកបានបញ្ជាក់ថា «បើថៃធ្វើបែបនេះ យើងក៏បានធ្វើការហាមឃាត់ទំនិញនាំចូលពីថៃ ដូចជា៖ មាន់ ទា ជើងមាន់ ផ្លែដូង ផ្លែឈើគ្រប់ប្រភេទ បន្លែគ្រប់មុខដូចគ្នា រហូតមានការចរចាទើបអាចនាំចូលបានដូចធម្មតា»។
តែយ៉ាងណានោះ លោកបញ្ជាក់ទៀតថា «ចំពោះបញ្ហាច្រក គឺអត់មានបិទនោះទេ»៕