(កំពង់ចាម)៖ ដើម្បីអបអរសាទរមិទ្ទិញបុណ្យជាតិ៧មករា ខួបអនុស្សាវរីយ៍លើកទី៤០ ដែលប្រព្រឹត្តទៅនា៣ថ្ងៃខាងមុខនេះ ខេត្តកំពង់ចាមបានរៀបចំកម្មវិធី ប្រកួតកីឡាមហាជនបុរស នារី ជម្រើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ ហើយត្រូវបាន លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម សម្ពោធដំណើការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅទីលានកីឡាដ្ឋានខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ៧មករា ជាទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីកំឡុងជាង៤០ឆ្នាំមុន ដែលរបបនោះ បានបន្សល់ទុកការចងចាំនូវការឈឺចាប់ សើយសោក ទាំងផ្ទាល់ខ្លួន និងក្រុមគ្រួសារផងដែរ។
បើតាមលោក គួច ចំរើន នៅថ្ងៃនេះមិនដូចគ្នាកាលពី៤០ឆ្នាំមុននោះទេ ពោលទាំងអស់គ្នាបានជួបជុំគ្នា ដើម្បីអបអរសាទរ ដើម្បីសម្តែងនូវការសប្បាយរីករាយ នៅក្នុងប្រទេសទាំងមូល ដែលទទួលបាននូវសុខសន្តិភាព ដែលកំពុងមានល្បឿន នៃការអភិវឌ្ឍនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកីឡា គឺជាផ្នែកមួយ ដែលកំពុងមានការអភិវឌ្ឍន យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក គួច ចំរើន បានបញ្ជាក់ថា «វាជាការសមស្របខ្លាំងណាស់ ដែលយើងកំពុងប្រកាស បើកការប្រកួតកីឡានាពេលនេះ គឺស្របជាមួយស្ថានការ ដែលប្រទេសកម្ពុជាយើង កំពុងមានសុខសន្តិភាព យ៉ាងពេញលេញនោះ»។
លោកបន្តថា «នៅទូទាំងប្រទេសកម្ពុជាយើង កំពុងអបអររីករាយជាមួយនឹងកីឡា ដែលពិតណាស់ពេលនេះ យើងកំពុងប្រារព្ធពីធី បើកការប្រកួតកីឡាក្នុងខេត្ត ទន្ទឹមនិងនេះយើងក៏បានបញ្ជូនកីឡា ផ្នែកទូកប្រណាំងខ្នាតអន្តរជាតិជាច្រើនស្រុក ទៅប្រកួតនៅឯខេត្តកណ្តាលផងដែរ»។
លោក គួច ចំរើន បានបន្ថែមថា អ្វីដែលសំខាន់ជាងនេះ រាជរដ្ឋាភិបាល បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលមានឱកាសហ្វឹកហាត់ រយៈពេល៤ឆ្នាំ ដើម្បីចូលរួមការប្រកួតនាពេលនោះ។ លោកបានរំពឹងទុកថា និងមានកីឡាករបរទេស នឹងមកប្រកួតជាមួយកីឡាករ ខេត្តកំពង់ចាមផងដែរ យ៉ាងហោច ដូចជាកីឡាលើវិញ្ញាសារហែលទឹកជាដើម ក៏នឹងត្រូវមកប្រកួត នៅខេត្តកំព់ចាម។
លោក គួច ចំរើន បញ្ជាក់ទៀតថា «ដូច្នេះកីឡាករយើង ត្រូវត្រៀមលក្ខណៈឲ្យបានសមស្រប ពោលគឺត្រូវមានការហ្វឹកហាត់ឲ្យបានល្អប្រសើរ ដើម្បីចូលរួមនៅក្នុងការប្រកួត នាឆ្នាំ២០២៣ខាងមុខនេះ»។