(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា JLS Cambodia បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យឡាយហ្វ ដើម្បីបើកវគ្គបណ្ដុះបណ្ដាល និងផ្ដល់អាហារូបករណ៍ដល់និស្សិតសិក្សាផ្នែក គិលានុបដ្ឋាយិកាទៅសិក្សា និងមានឱកាសទៅធ្វើការនៅក្នុងប្រទេសជប៉ុន។
ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន JLS និងសាកលវិទ្យាល័យឡាយហ្វធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រធានក្រុមហ៊ុនទាំងពីរ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ។
លោកស្រី យោគ សិរីសុភស្ស័ ប្រធានក្រុមហ៊ុន JLS ឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន JLS និងសាកលវិទ្យាល័យឡាយហ្វគឺ ដើម្បីជួយផ្សាព្វផ្សាយព្រមទាំងបណ្ដុះបណ្ដាល ដល់និស្សិតដែលសិក្សាផ្នែកគិលានុបដ្ឋាក ទទួលបានអាហារូបករណ៍ទៅសិក្សា និងបណ្ដុះបណ្ដាលសិក្ខាកាមផ្សេងៗទៀត ដើម្បីមានឱកាសទៅបម្រើការងារនៅក្នុងប្រទេសជប៉ុនផងដែរ។
លោកស្រីបន្ដទៀតថា សម្រាប់សាកលវិទ្យាល័យឡាយហ្វនេះគឺ មានបទពិសោធន៍បណ្ដុះបណ្ដាលផ្នែកគិលានុបដ្ឋាករយៈពេលជាង១០ឆ្នាំមកហើយ។ ដោយឡែកសម្រាប់ការសិក្សាក្នុងក្រុមហ៊ុន JLS ក្រុមហ៊ុនឹងបណ្ដុះបណ្ដាលផ្នែកផ្សេងៗ ដែលសិក្ខាកាមបានចូលសិក្សា ព្រមទាំងទិសដៅការងារផ្សេងៗទៀតផងដែរ។
លោកស្រីបន្ថែមថា ក្រៅពីបណ្ដុះបណ្ដាលនិស្សិតទៅសិក្សា ក្រុមហ៊ុនក៏មានបណ្ដុះបណ្ដាលសិក្ខាកាម និងពលករទៅធ្វើការនៅក្នុងប្រទេសជប៉ុនផងដែរ ដោយការបម្រើការងារនៅក្នុងប្រទេសជប៉ុននេះមានរយៈពេល៣ឆ្នាំ ប៉ុន្ដែពួកគាត់អាចសុំបន្ដការងារបន្ថែមចំនួន២ឆ្នាំទៀតបាន ហើយក្នុងរយៈពេល៥ឆ្នាំដែលគាត់បានសិក្សា និងធ្វើការនៅប្រទេសជប៉ុនពួកគាត់អាចពាំនាំនូវបទពិសោធន៍ និងចំណេះដឹងជាច្រើនមកបម្រើការងារ នៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន JLS Cambodia ជាក្រុមហ៊ុនដែលទទួលបណ្ដុះបណ្ដាលសិក្ខាកាម សិក្សាផ្នែកគិលានុបដ្ឋាកទៅសិក្សាបន្ដនៅក្រៅប្រទេស៕