Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ទៅតុលាការ ករណីជំរិតទារប្រាក់ពីអតិថិជន, នៅពេលនេះព្រះរាជអាជ្ញារងលោក សឿន មុន្នីរ័ត្ន កំពុងសួរនាំ

04-01-2019 11:33

(ភ្នំពេញ )៖ ស្រ្តីថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ត្រូវបានកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីអ្នកជំនាញខាងវះកាត់ កែសម្ផស្សម្នាក់នៅក្នុងហាងនេះ ក៏ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ អ្នកជំនាញ ដែលធ្វើការវះកាត់កែសម្ផស្សផ្ទាល់រូបនេះមានឈ្មោះ ពៅ ស៊ីណាត។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «នៅពេលនេះ ព្រះរាជអាជ្ញារង លោក សឿន មុន្នីរ័ត្ន កំពុងសាកសួរដើម្បីរកហេតុផលថា តើត្រូវដាក់បន្ទុក ឬដោះបន្ទុក»?

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ដែលទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ​ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ពីអតិថិជន ដែលចូលទៅទទួលសេវាកែសម្ផស្ស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងខ្លីថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស៊ើបអង្កេតលើករណីនេះ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ​ការដាក់ពាក្យបណ្ដឹងនេះ​បន្ទាប់ពីជនរងគ្រោះបានចូលទៅកែសម្ផស្ស​នៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិករៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការកែរកេរ្ដិ៍ភេទ​ផងដែរ។

សូមជម្រាបថា ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា​ដ៍​ស្កឹមស្កៃមួយ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១៨។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕