(កណ្ដាល)៖ យ៉ាងហោចណាស់បុរស២នាក់ បានរងរបួសធ្ងន់គាបជាប់ ក្នុងកាប៊ីនរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីឆ្លាម១គ្រឿង ទៅបុកពេញទំហឹងពាក់កណ្ដាលរថយន្តកុងតឺន័រ បណ្ដាលឲ្យរថយន្តឆ្លាមរួញជាប់កាប៊ីនមុខខ្ទេច ផ្នែកខាងមុខស្ទើរទាំងស្រុង។
ចំណែកឯរថយន្តកុងតឺន័រ បានផ្ទុះកង់ក្រោយខាងឆ្វេងចំនួន៣ និងដាច់កង់ចេញពីរថយន្តអស់១ ខ្ទាតនៅក្បែរកន្លែងកើតហេតុ ចំណែកទូកុងទីន័រផ្ទុកខ្លាញ់ត្រីរលំធ្លាក់ ទៅចំកន្លែងលក់ទឹកអំពៅ ហូរហៀរ ខ្លាញ់ត្រីពេញផ្លូវ។ ភ្លាមៗនោះ ប្រជាពលរដ្ឋនាំគ្នាជួយគាស់យកបុរសម្នាក់ ចេញមកខាងក្រៅ ចំណែកម្នាក់ទៀតនៅកៀកជាប់ ក្នុងកាប៊ីនរថយន្តបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតមានឡើងនាវេលាម៉ោង០២៖៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
អ្នកបើកបររថយន្ត ដែលគាបជាប់ក្នុងកាប៊ីន មានឈ្មោះ យ៉ង ម៉ាច អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរធ្វើការនៅកំពង់ផែ មានទីលំនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯអ្នករួមដំណើរ មិនទាន់ស្គាល់អត្តសញ្ញាណទេ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2K-7730 បើកក្នុងល្បឿនលឿន លុះដល់ចំណុច កើតហេតុ ដែលជាចំណុចផ្លូវកោង ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង សណ្ដោងកន្ទុយដឹកទូកុងតឺន័រ (មិនចាំស្លាកលេខ) បើកក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នា ក៏បានទៅបុកចំបញ្ឆិតពីមុខរថយន្តកុងតឺន័រ បណ្ដាលឲ្យរថយន្តឆ្លាម រួញជាប់កាប៊ីនមុខខ្ទេច ផ្នែកខាងមុខស្ទើរទាំងស្រុង។
ភ្លាមៗនោះ បណ្ដាលឲ្យបុរស២នាក់ (ម្នាក់ជាអ្នកបើក និងម្នាក់ជាអ្នករួមដំណើរ) រងរបួសធ្ងន់បោកនឹងកញ្ចក់ ឈាមហូរជោកខ្លួន ហើយគាបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកឯរថយន្តកុងតឺន័រ បានផ្ទុះកង់ក្រោយខាងឆ្វេងចំនួន៣ និងដាច់កង់ចេញពីរថយន្តអស់១ ខ្ទាតនៅក្បែរកន្លែងកើតហេតុ រីឯទូកុងតឺន័រផ្ទុកខ្លាញ់ត្រី បានរលំធ្លាក់សង្កត់លើតូបលក់ទឹកអំពៅ ហូរហៀរខ្លាញ់ត្រីពេញផ្លូវ។
ខណៈដែល រថយន្តកុងតឺន័រ មិនទាន់អស់ល្បឿន ក៏បានបន្ដទៅមុខប្រហែលជាង១០០ម៉ែត្រទៀតទើបឈប់ ហើយក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន តៃកុងរថយន្តកុងតឺន័របានភ្លាមៗ រួចទាក់ទងប្រគល់ឲ្យសមត្ថកិច្ច នៅកន្លែងនោះផងដែរ។
ចំណែកឯបុរសពីរនាក់ ដែលជាប់ក្នុងកាប៊ីនរថយន្តកាម៉ារីឆ្លាម ត្រូវបានកម្លាំងប្រជាពលរដ្ឋ សហការជាមួយនឹងកម្លាំងសមត្ថកិច្ច នាំគ្នាជួយគាស់យកចេញមកខាងក្រៅបានម្នាក់ ហើយក៏បានទាក់ទងទៅកាន់រថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ចំណែកអ្នកបើកបរម្នាក់ទៀត នៅជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចនាំគ្នា ជួយគាស់យកជាង២ម៉ោង នៅមិនទាន់យកចេញបាន រហូតមានក្រុមគ្រូពេទ្យបង្អែកស្រុកកៀនស្វាយ ចុះមកដល់កន្លែងកើតហេតុ ជួយដាក់សេរ៉ូមកម្លាំងឲ្យអ្នករបួស និងបន្តការជួយគាស់យកអ្នកគាបជាប់ ក្នុងកាប៊ីនដដែល។
ឃើញស្ថានភាពការតែលំបាក យកមនុស្សចេញមកក្រៅ ទើបក្រុមអ្នកយកព័ត៌មាន ផ្ដល់ដំណឹងឲ្យវិទ្យុ ABC ទាក់ទងហៅក្រុមសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ ចេញរថយន្តកាត់ដែក និងរថយន្តសង្គ្រោះបន្ទាន់ មកជួយអន្តរាគមន៍ផង ព្រោះជាង២ម៉ោងហើយ នៅមិនទាន់យកមនុស្សចេញបានទេ។
បន្ទាប់ពីទទួលដំណឹងភ្លាម មេបញ្ជាការរងកងពលតូចលេខ៧០ បានបញ្ជាឲ្យក្រុមសង្គ្រោះ ៧១១ ចេញរថយន្តកាត់ដែកពីបន្ទាយកងពលតូចលេខ ៧០ នៅតាមផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ ឲ្យទៅចំណុចកើតហេតុមុខផ្សារគគីរ ស្រុកកៀនស្វាយ ដើម្បីជួយសង្គ្រោះកាត់ដែកយកមនុស្សចេញ តែខណៈពេលមកដល់ហួសវិទ្យាល័យព្រែកឯង ជិតដល់កន្លែងកើតហេតុហើយ ស្រាប់តែជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ដកិច្ច ជួយទាញយកចេញមកក្រៅបានហើយ ទើបក្រុមសង្គ្រោះត្រលប់ទៅបន្ទាយវិញ។
បច្ចុប្បន្ន ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចវាស់វែង នៃស្រុកកៀនស្វាយ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវ័យវែង យករថយន្តទាំងពីរគ្រឿង រួមទាំងទូកុងតឺន័រ ទៅរក្សាទុកដើម្បីរងចាំធ្វើការ ដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បើសិនជាបានជួបហេតុការណ៍គ្រោះថ្នាក់ និងគាបជាប់មនុស្សបែបនេះ សូមប្រញាប់ទាក់ទងទៅកាន់ពួកគាត់ឲ្យបានលឿនជាងនេះ ពួកគាត់នឹងចេញអន្តរាគមន៍ជួយសង្គ្រោះ២៤ម៉ោង តាមរយៈលេខប្រចាំបញ្ជា (២៤ម៉ោង) តាមរយៈលេខ ០១៦ ៧០០ ៧០០។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងអនុសេនាធំចល័ត សង្គ្រោះបន្ទាន់៧១១ ឬហៅកាត់ថា (ក្រុមសង្រ្គោះបន្ទាន់៧១១ - RRC 711) បានដាក់កម្លាំងឈរជើង ប្រចាំការ (២៤ម៉ោងលើ២៤ម៉ោង) ចំនួន៣គោលដៅដូចជា ៖ គោលដៅទី១៖ នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
គោលដៅទី២៖ នៅ DN ក្នុងបរិវេណអគ្គបញ្ជាការកងទ័ព ភ្នំពេញ និងលេខប្រចាំបញ្ជា ០១៦ ៧០០ ៧០០។
គោលដៅទី៣៖ គឺនៅសាលាមិត្តភាពកម្ពុជាជប៉ុន ភូមិ៣ សង្កាត់លេខ១ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងហៅឡាន សង្រ្គោះបន្ទាន់បានតាមរយៈលេខទូរស័ព្ទ០៩៦ ៩២៥ ៤៤៤០/ ០៨៨ ៧៧៧ ១១១៥។ ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ទៀតថា រាល់ការចេញជួយសង្គ្រោះ (ទាំងសង្គ្រោះបន្ទាន់ ទាំងអគ្គិភ័យ) គឺមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់៕